ព័ត៌មានជាតិ

សមត្ថកិច្ចបំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់ ជនជាតិចិនកាត់ក្បា.ល ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់.!

(ភ្នំពេញ)៖ ឃាតកម្មសម្លាប់បុរសជនជាតិចិននៅ
កណ្ដាលវាលស្រែក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនបានជនដៃដល់ចំនួន៣នាក់ នៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៧នាទី គេប្រទះឃើញសាកសពអត់ក្បាលដេកស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌបានចាត់កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់មានឈ្មោះដូចខាងក្រោម៖

*ទី១-ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

*ទី២-ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

*ទី៣-ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រហូតដល់ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣វេលាម៉ោង១១និង៤៧នាទី ដោយកំណត់បានទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ០២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១រំលងអធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់បាន ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនឹងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួនបានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅយកទៅបោះចោលនៅស្ពានត្រស់ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ កិច្ចប្រតិបត្តិការនេះដឹកនាំស្រាវជ្រាវ និងស៊ើបអង្កេត ដោយលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។