ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយបង្កើត

(ភ្នំពេញ) ៖នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត មានសេចក្តីក្រៀមក្រំ និងសោកស្តាយ អាឡោះអាល័យជាពន់ពេក ក្រោយទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានទទួលមរណភាព នៅថ្ងៃចន្ទ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០ នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម រដ្ឋមន្ត្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិត របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។