ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវកងទ័ពទាំងអស់ បន្តរួមគ្នាថែរក្សា និងការពារសន្តិភាពនេះឱ្យខានតែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ

(ភ្នំពេញ) :ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក បានអំពាវនាវទៅដល់កម្លាំងកងទ័ពទាំង

អស់ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការ
ពារឱ្យខានតែបានដោយមិនឱ្យអ្នកណាម្នាក់ឬក្រុមអ្នកនយោបាយរត់ចោល
ស្រុកមួយចំនួនមកបំផ្លាញសន្តិភាពនេះបានឡើយ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីបញ្ជាការ​ សមិទ្ធផល​នានា​ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរសក្តិជូននាយទាហានក្នុងតំបន់ប្រតិបិត្តការសឹករងតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនី៍យ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក បានមាន
ប្រសាសន៍បន្តថា សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះមិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះវាពិតជាមានសារសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេសរបស់យើង ប៉ុន្តែអ្នកនយោបាយមួយចំនួននៅតែបន្តចង់មកបំផ្លាញសន្តិភាពនេះ និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះ
ឆ្នោតស្របច្បាប់នេះពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើ ប្រជាជន និងប្រទេសកម្ពុជារបស់យើងដដែល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា សកម្មភាព និងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយរបស់ក្រុមសង រង្ស៊ីនេះបង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយមួយក្តាប់តូច មកបំផ្លាញ់សន្តិភាពនេះបានឡើយ ត្រូវតែការពារ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា សន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយអ្វីដែលយើងត្រូវធ្វើបន្តនៅថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ សូមជឿទុកជាក់ និងបន្តគាំទ្រលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន របស់យើង ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេស
ជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។