ព័ត៌មានជាតិ

នុះ ! ប្រហែលជាដាច់ស្បៀងហើយ ! តំណាងគណបក្ស LDP ដាក់ពាក្យសុំអាជ្ញាធរខេត្តសៀមរាប ជួយបណ្តេញពលរដ្ឋចេញពីចម្ការខ្លួន !

(សៀមរាប)  ៖ ពិតជា​មានការ​ភ្ញាក់ផ្អើល​មួយ ក្រោយ​ពី​តំណាង​របស់​គណបក្ស​លោក ខឹ​ម វាសនា បាន​ដាក់​ពាក្យសុំ​អាជ្ញាធរ​ឱ្យ​ជួយ​អន្តរាគមន៍ បណ្តេញ​ពលរដ្ឋ​ដែល​មានៈ​មិន​ព្រម​ចាក​ចេញពី​ចម្ការ​របស់​ខ្លួន​។យោង​តាម​លិខិត​មួយ​ច្បាប់​ដាក់​ជូន អភិបាលខេត្ត​សៀមរាប បុរស​មួយ​រូប​ឈ្មោះ នី ចាន់​ពិនិត្យ ដែល​ជា​តំណាង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យបាន​សុំ​ឯកឧត្តម ទៀ សីហា អភិបាលនៃ​គណៈ​អភិបាលខេត្ត​សៀមរាប «​ជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​មកស្នាក់​នៅ​ក្នុង​ដីចម្ការ​» របស់​លោក ខឹ​ម វាសនា ស្ថិត​នៅ​ភូមិ​ថ្ម ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយ​ពលរដ្ឋ​ទាំងនោះ «​មិន​ព្រម​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។

បុរស ឈ្មោះ នី ចាន់​ពិនិត្យ ដែល​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ៦ កញ្ញា ម្សិលមិញ​ថា រូប​លោក​គឺជា​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​ម្ចាស់​ដី​ស្ថិត​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ជាតិ សាសនា ព្រះ​មហា​ក្ស​ត យោង ឯកឧត្តម អភិបាលនៃ​គណៈ​អភិបាលខេត្ត​សៀមរាប កម្មវត្ថុសំណើសុំ​ជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​មក ស្នាក់​នៅ​ក្នុង​ដីចម្ការ​របស់ខ្ញុំ​បាទ ហើយ​មិន​ព្រម​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្ថិត​នៅ​ភូមិ​ថ្ម ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លិខិត​របស់​បុរស​ឈ្មោះ នី ចាន់​ពិនិត្យ ដដែល​បាន​បញ្ជាក់​ថា រូប​ខ្លួន និង​តំណាង​គណបក្ស​ជួង ហើយ​រូប​លោក​និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត ធ្លាប់​បាន​កិច្ចសន្យា ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ បាន​ជម្រាប​ជូន​អាជ្ញាធរ​ខេត្តសៀមរាប​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​សមាជិក​គណបក្ស ស្ថិត​នៅ​បរិវេណ​ចម្ការ នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប​។

ជាមួយ​គ្នា​នេះ ខ្ញុំបាទ​បាន​ធ្វើ​កិច្ចសន្យា​ថា ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រជា ពលរដ្ឋ​ដែល​បាន​ស្នាក់​នៅ​ក្នុង​ចម្ការ​ដី​របស់ខ្ញុំ​ទាំង ០២​ទីតាំង​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ ក្នុង រយៈពេល ០៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ ត្រឹម​វេលា​ម៉ោង ១៧ និង​៣០​នាទី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្រៅពី​ក្រុមការងារ​គណបក្ស ពុំ​ព្រម​ចាក​ចេញពី​ដីចម្ការ​ខ្ញុំ​នៅឡើយ​។

បុរស ឈ្មោះ នី ចាន់​ពិនិត្យ បាន​សរសេរ​ក្នុង​លិខិត​ដដែល​នោះ​ថា «​ក្នុង​ន័យ​នេះ ខ្ញុំបាទ​សូម​គោរព​ស្នើ​សុំ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មេត្តា​ជួយ​អន្តរាគមន៍ ឬ​ចំណាត់ការ​ផ្លូវច្បាប់​ឱ្យ​ពួក​គាត់​ចាក ចេញពីរ​ដីចម្ការ​ខ្ញុំបាទ​ទាំង ០២​ទីតាំង​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម ឯកឧត្តម អភិបាល មេត្តា​ជួយ អន្តរាគមន៍ និង​ចាត់វិធានការ ដោយ​សេចក្ដី​អនុគ្រោះ​។ សូម ឯកឧត្តម អភិបាល មេត្តា​ទទួល​នូវ​ការ​រាប់អាន​ដ៏​ស្មោះ​អំពីខ្ញុំ​»​។

សូម​រម្លឹក​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៧ ខែកញ្ញា​នេះ ពលរដ្ឋ​និង​សកម្មជន LDP ជិត​២០០០ នាក់ ស្ម័គ្រចិត្ត បន្ត​រស់នៅ​ក្នុង​ជំរុំ ដីចម្ការ​ម្រេច របស់ លោក​ខឹ​ម វាសនា ប្រធាន​គណបក្ស LDP ទោះបី​ហួស​ថ្ងៃ​ទី ៥ កញ្ញា ដែល​ជា​ថ្ងៃ​ឱ​សាន វាទ​របស់​អាជ្ញាធរ​ខេត្ត​យ៉ាងណា​ក៏​ដោយ​។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​យប់​ថ្ងៃ​ទី​៦ ខែកញ្ញា នេះ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ៦​ខែកញ្ញា​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រង់​ស្ថិតិ​យ៉ាង​ល្អិតល្អន់​ឃើញ​ថា សកម្មជន LDP ជិត​២០០០​នាក់ កំពុង​បន្ត​ក្រាញននៀល​ស្ម័គ្រចិត្ត​រស់នៅ​ក្នុង​ដីចម្ការ​ម្រេច​របស់​លោក​ខឹ​ម វាសនា ដោយ​មិន​ព្រម​ចាកចេញ​ទៅ​ស្រុក​កំណើត​នោះ​ទេ​។

សមត្ថកិច្ច បាន​បន្ថែម​ថា ប្រជាពលរដ្ឋ និង សកម្មជន LDP ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ស្រង់​ស្ថិតិ រួច​ហើយ​នោះ​គឺ មាន​ចំនួន​៣៣៥ គ្រួសារ​ស្មើ នឹង ១,៧ ៣៧ នាក់ ស្រី​៧៩៥ នាក់​,​អនីតិជន​ចំនួន ៤០០ នាក់​,​នីតិជន​ចំនួន​១៣៣៧ នាក់​។​ប្រភព​ពី​សមត្ថកិច្ច​បន្ថែម​ទៀត​ថា ចំពោះ​ពលរដ្ឋ​ដែល​សុំ​ឱ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍​មាន​ចំនួន១១៥ ករណី ដើម្បី​ស្វែងរកបងប្អូនកូនចៅ រកប្តី រកប្រពន្ធ និង រក ឪពុក​ម្តាយ​នោះ​មាន​ចំនួន ២៤០ នាក់​,​នីតិជន​ចំនួន ១៤៨ នាក់ និង​អនីតិជន​ចំនួន ៩២ នាក់​។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ដីចំការ​របស់ លោក ខឹ​ម វាសនា ចំនួន​ជាង ១០០០​នាក់​ដែល​សមត្ថកិច្ច បាន​ស្រង់​ស្ថិតិ រួច​ហើយ​នេះ​គឺ​ពួក​គាត់​យល់ព្រម​ស្នាក់​នៅ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី បុគ្គល​ណា​នោះ​ទេ​។ គឺ​ពួក​គាត់​ស្ម័គ្រចិត្ត​រស់នៅ​ដោយ​ខ្លួនឯង​។​សមត្ថកិច្ច​បញ្ជាក់​ថា ចំណាត់ការ​បន្ត​គឺ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ សិន​ថា​ត្រូវធ្វើ​យ៉ាងណា​បន្ត​ទៀត​។ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​បន្ត​ការពារ​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ចំការ​លោក​ខឹ​ម វាសនា ដដែល​ហើយ​ចំពោះ​ការ​ដែល​ត្រូវ​ដក​កម្លាំង​ឱ្យ​អស់​នៅ ពេល​ណា​នោះ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​រីឯ ដីចម្ការ ២៥ ហិ​កតា ដែល​ប្រជាពលរដ្ឋ និង សកម្មជន​បក្ស LDP កំពុងស្នាក់​នៅរាល់​ថ្ងៃនេះ ​ត្រូវ​បានសមត្ថកិច្ចបាន​ធ្វើការ​ស្រង់​សិ្ថ​តិ រួចរាល់​ហើយ​ដែរ គឺ មានចំនួនជាង១០០​នាក់ ក្នុង​នោះមាន​: ចាស់ ប្រុស ស្រី ក្មេង​។
សូម​រំលឹក​ផង​ដែរ​ថា ការ​ឃោសនា​របស់​លោក ខឹ​ម វាសនា ថា មាន​លិចលង់​ភព ផែនដី ដោយ​អះអាង​ថា មាន​តែ ដីចំការ​ម្រេច​របស់​លោក​នៅ​ជិត​ភ្នំ​គូលែន​ទេ​ដែល​អាច​ឱ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​សេចក្តីស្លាប់​បាន ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​គ្នា លក់​ឡាន ដីធ្លី ម៉ូតូ បាន​លុយ រាប់​លាន​ដុល្លារ យកមក​ឱ្យខឹ​ម វាសនាទាំង​ដុំ​ៗ​។ ការ​លើក​ឡើង​របស់​លោក ខឹ​ម​វាសនា នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បែប​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅប្រទេសនាំ​គ្នា​សម្រុក​មក​រស់នៅ​ក្នុង​ចំការ​ម្រេច​លោក​ខឹ​ម វាសនា ប្រមាណ​ជា​ជិត ២​ម៉ឺន​នាក់ ហើយ​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​បាន​យល់ព្រម​ចាកចេញ​ទៅ​វិញ​ជិត​អស់ហើយ នៅ​សល់​តែ​ជាង​មួយ​ពាន់​នាក់​តែ​ប៉ុណ្ណោះ ដែល​នៅ​ក្រាញននាល​មិន​ព្រម​ចាកចេញ ទៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ទេ​។
សូមបន្ថែមទៀត​ថា សកម្មភាព​របស់​ប្រជាពលរដ្ឋ ដែល​ចេញពី​ជំរុំ ដីចម្ការ លោក ខឹ​ម វាសនា នៅ ម៉ោង ៦ ល្ងាច ដល់ ម៉ោង ៦ ព្រឹក ថ្ងៃ​ទី​០៧.០៩. ២០២២ នេះ ចេញ​សរុប ៦៤​នាក់ ស្រី​២៧ នាក់​.​ក្មេង​៨​នាក់​សន្តិសុខ​ស្ងប់ស្ងាត់​ធម្មតា​។​

សូមបញ្ជាក់ថា ចំពោះលោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP នោះកំពុង​លាក់ខ្លួនពួន​អាត្មា​នៅអាស្រម របស់លោកមិនបាន​ចេញមកក្រៅ​ព្រមទាំង​មិនឱ្យ​សមត្ថកិច្ច ឬអាជ្ញាធរចូល​ជួបបាន​ទេ រហូតមក​ដល់ព្រឹកថ្ងៃ​ទី៧ ​ខែកញ្ញា​ ឆ្នាំ​២០២២ នេះ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។