ព័ត៌មានជាតិ

ឯកឧត្ដម ងួន រាសី និងឯកឧត្តម សុខ លូ នាំយកអំណោយ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជូន​រដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩

(ខេត្តកំពង់ធំ)  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយឯកឧត្ដម ងួន រាសី នាយក ខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយក ម៉ាស់ចំនួន ២០កេសធំ មីខ្លាឃ្មុំចំនួន ១០០កេស អាល់កុលចំនួន ១០កាន ត្រីខកំប៉ុងចំនួន ១០កេស អង្ករ ១៥បេ ស្មើនឹង ៧៥០គីឡូក្រាម និង​ទឹកសុទ្ធ​ចំនួន ១០០០យួរ ជូនដល់រដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបល័្លង្ក និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីប្រគល់អំណោយនោះដែរ ឯកឧត្តម ងួន រាសី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ក្រុម​ការងារ​ទាំង​អស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅពេលនេះ ព្រមទាំងកោត​សរ​សើរ​អាជ្ញាធរ​មូល​ដ្ឋាន​និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់​កាល​កូវីដនេះ ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែមិនត្រូវភ្លេចការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជ​រដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានជំរុញដល់អាជ្ញាធរស្រុក នៅក្នុងអំឡុងពេលបិទផ្សារ និងបិទភូមិមួយ​ចំនួន​ដែលបានឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយត្រូវយកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក​វិជ្ជមាន​កូវីដ១៩ ត្រូវទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅតាមមណ្ឌលដែលរដ្ឋបាលស្រុកបានត្រៀម​រៀបចំ​រួចជាស្រេច ត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំ និងនៅតាមផ្ទះ ។ ទន្ទឹមនឹងនោះ​ឯកឧត្តម សុខ លូ សំណូមពរដល់អាជ្ញាធរស្រុក ខិតខំយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែល​កំពុងធ្វើចត្តាឡីស័ក ត្រូវបិទលេខទូរសព្ទអាជ្ញាធរនៅតាមផ្ទះ ដើម្បីពួកគាត់ងាយស្រួលផ្ដល់ព័ត៌មាន​នៅពេល​មាន​​បញ្ហា​កើតឡើងបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសត្រូវចុះស្រង់​ទិន្នន័យប្រជាពលរដ្ឋមាន​ជីវភាព​ខ្វះខាត​អំឡុងពេលបិតខ្ទប់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់អំណោយជាគ្រឿងឧបភោគ​បរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពទុកលំបាកប្រចាំថ្ងៃរបស់មួយពួកគាត់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុកទាំង៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសធម៌ នាំយកនូវគ្រឿង​ឧបភោគ​បរិភោគ និងសម្ភារៈការពារកូវីដ មករដ្ឋបាលស្រុក ដើម្បីធ្វើសកម្មភាពការងារទប់ស្កាត់ជំងឺកូវីដ១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។