ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុនសែន ៖ ផ្ទុះជំងឺកូវីដ-១៩សារជាថ្មី នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ការពារសុខភាពផ្ទាល់ខ្លួន ក្រោយប្រកាសពីការរកឃើញឡើងវិញនូវជំងឹកូវីដ-១៩លើប្រជាពលរដ្ឋ។

សម្ដេចតេជោ ក៏ស្នើឱ្យពលរដ្ឋ មានវិធានការហ្មត់ចត់ដើម្បីបញ្ជៀសការរីករាលដាលជំងឹកូវីដ-១៩ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

សូមបញ្ជាក់ថា, ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាក្រសួងសុខាភិបាលបានរកឃើញជាបន្តបន្ទាប់នូវអ្នកកើតជំងឺកូវីដ-១៩ តាមរយៈម៉ាស៊ីន PCR ទាំងអ្នកនៅក្នុងប្រទេសដែលចង់ចេញទៅក្រៅ និងអ្នកមកពីក្រៅប្រទេស។ សម្ដេចបន្ថែមថាក្រៅពីនេះក៏រកឃើញវិជ្ជមានឡើងវិញលើការធ្វើតេស្ត្ររហ័សដល់ពលរដ្ឋមួយចំនួនផងដែរ។

សម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់ឆ្លើយតបដើម្បីបញ្ជៀសនូវការរាលដាលធ្ងន់ធ្ងរដល់សង្គម។

សម្ដេចតេជោថា៖ «ជម្រាបជូនបងប្អូនជនរួមជាតិថា! វា(កូវីដ-១៩)ចាប់ផ្ដើមកើតឡើងវិញ ហើយវាឆ្លងទាំងម៉ាស៊ីនធំ ទាំងការធ្វើតេស្តរហ័សបានចាប់ផ្ដើមឃើញមាននូវច្រើនកន្លែងរួចទៅហើយ»។

សម្ដេចតេជោបានអំពាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញត្រូវខិតខំទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ជាមួយនឹងការអនុវត្តនវិធានការសុវត្តិភាព៣ការពារ ៣កុំ។

សម្ដេចបានព្រមានពីការដែលអាចធ្វើឱ្យប្រទេសវិលត្រលប់ទៅក្នុងស្ថានភាពដ៏អាក្រក់ឡើងវិញប្រសិនជាគ្មានវិធានការទប់ស្កាត់ទាន់នោះ។

កម្ពុជាបានប្រកាសរកមិនឃើញជំងឺកូវីដ-១៩រយៈពេលជាង៥០ថ្ងៃហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។