ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​១២​ល្វែង​​ក្រុង​បាត់ដំបងល្ងាច​ម្សិលមិញ!

(បាត់ដំបង) ​ អគ្គិភ័យ​ដ៏​សន្ធោរ​សន្ធៅបាន​លេប​ត្របាក់​លំនៅ​ឋាន​អស់​ចំនួន​១២​ល្វែង កាល
ពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី ០៦ កក្កដា នៅ​ម្ដុំ​ផ្លូវ​លេខ​១​និង​លេខ​១​កន្លះ ​(​ខាងជើង​ផ្សារ​ណាត់​​៥០​ម៉​) ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ ក្រុង​បាត់ដំបង ដែល​គេ​អះអាង​ថា បាន​ផ្ដើម​ចេញពីផ្ទះ​លក់​ពូក​ដ៏​ធំ​មួយ តែ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។
យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច ដែល​បាន​ស្រង់​ក្រោយ​ពេល​កើតហេតុបាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ខូចខាត​ទាំងស្រុងមាន​ចំនួន​១២​ល្វែង ដែល​ភាគច្រើន​ធ្វើ​ពី​ឈើ ថ្ម និងស័ង្កសី តែ​នៅ​មាន​លំនៅ​ឋាន​មួយ​ចំនួន​ទៀត ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អណ្ដាតភ្លើង​ ។ របាយ
​ការ​ណ៍​បាន​បញ្ជាក់​ថា អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ បាន​ផ្ដើម​ចេញពីផ្ទះ​លក់​ពូក​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាលនៃ​ទីតាំង​កើតហេតុ ដែល​ថៅកែ​ពូក​នោះ​ឈ្មោះ អ៊ា អេ​ង​ហុង ប្រុស​អាយុ​៧០​ឆ្នាំ​ ។
ប៉ុន្តែ​ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិ​ភ័យ​កើតឡើង​នៅឡើយ​ទេ​។ ជន​រង​គ្រោះ​ម្នាក់ នៅ​ក្នុង​គ្រោះ​មហន្តរាយ​អគ្គិភ័យ​នេះ ឈ្មោះ ហេង សុ​ខន ស្រី​អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជាងទង បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គ្មាន​សេសសល់​អ្វី​ទេ ក្រៅពី​ខោអាវ​មួយ​ចង្កេះ​។ ទាំង​ផ្ទះ​ទាំង​ទ្រព្យ​នៅ​ក្នុងផ្ទះ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​។ ខ្ញុំ​ឆកយ​កបាន​តែ​ម៉ា​ស៊ី​ចិត​គ្រឿង​អ​ល័​ង្កា​បាន​តែ​០២​គ្រឿង​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់ហើយ»​។
អ្នកស្រី​ហេង សុ​ខន បាន​រៀបរាប់​ថា ផ្ទះ​របស់​គាត់​នៅ​ក្បែរ​ផ្ទះ​លក់​ពូក​នោះ​រំលង​ពី​គ្នា​តែ​មួយ​ល្វែង​ប៉ុណ្ណោះ​។ ពេល​ភ្លើង​កំពុង​ឆេះ​គាត់​នៅ​ក្នុងផ្ទះ​មិន​បានឃើញ​ទេ តែ​ពេល​នោះ​មាន​ក្លិន​ឈ្ងៀម​ខ្លាំង​ណាស់​។ គាត់​ប្រាប់​ថា គ្រានោះ​មាន​គេ​រត់​មក​ប្រាប់​គាត់​ថា ភ្លើង​ឆេះ​ផ្ទះ​លក់​ពូក​ហើយ នៅ​ក្នុងផ្ទះ​ធ្វើ​អី​ទៀត ? ពេល​ឮ​បែប​នេះ​គាត់​ក៏​រត់​ចេញ​ទាំង​ភ័យ​ស្លន់ស្លោរ លុះ​មក​ដល់​ក្រៅ​ផ្ទះ ស្រាប់តែ​ឃើញ​ផ្ទះ​លក់​ពូក​នោះ​កំពុង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​មែន ទើប​មានការ​ផ្អើល​ឆោឡោ​ម្ដង​។

អ្នកស្រីបាន​បញ្ជាក់​ថា តាម​ពិត​ផ្ទះ​មួយ​ល្វែង​ដែល​ឆេះ​នោះ គ្មាន​មនុស្ស​ស្នាក់​នៅទេ ថៅកែ​ពូក​គ្រាន់តែ​ស្ដុក​ពូក ឬសម្ភារផ្សេង​ៗ រួច​បិត​ទ្វារ តែ​ម្ចាស់​ពូក​បាន​លក់​នៅ​ខាង​មុខ ជួរ​ផ្លូវ​លេខ​១ តែ​គាត់​មិន​បានដឹង​ថា ភ្លើង​ដែល​ឆេះ​នោះ​បណ្ដាល​មក​ពី​អ្វី​ទេ​។ នៅ​កន្លែង​កើតហេតុ នា​ព្រឹក​ថ្ងៃ​ទី ០៧ កក្កដា គេ​ឃើញ​សមត្ថកិច្ច​ជំនាញ និង អាជ្ញាធរ បាន​ចុះ​ពិនិត្យ​គ្រោងឆ្អឹង​លំនៅ​ឋាន ដែល​សេស​សល់​ពី​ចំណី​ព្រះ​អគ្គី​ដ៏​រន្ធត់ ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង អ្វី​ដែល​សេសសល់​នោះ គឺ មាន​តែ​សសរឈើ និង ដែក​សង្ក​សី​ប៉ុណ្ណោះ​។ រីឯ​សម្ភារៈ​ដទៃ​ៗ​ទៀត បាន​ក្លាយជា​ផេះ​ផង់​អស់​ទៅ​ហើយ​។ អាជ្ញាធរ និង មន្ត្រី​ជំនាញ​ហាក់​មិន​ទាន់​វាយតំលៃ​អំពី​តុល្យការ នៃ​ការ​ខូចខាត​នៅឡើយ​ទេ ព្រោះ​មើលទៅ​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។

លោក គឹ​ម ប៊ុ​ន​ធឿ​ន ប្រធាន​ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ពេល​នេះ​យើង​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ទេ តែ​យើង​គ្រាន់តែ​ទ​ទូល​បានការ​បំភ្លឺ​បឋម​ថា «​អគ្គី​ភ័យ​ដ៏​មហន្តរាយ​នេះ ចាប់ផ្ដើម​កើត​ចេញពីផ្ទះ​លក់​ពូក​»​។ លោក​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង អាច​ខាតបង់​ធ្ងន់ធ្ងរ​ណាស់ ហើយ​ពេល​នេះ​ទាំង​អាជ្ញាធរ ទាំង​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​សហការ​គ្នា ចុះ​ត្រូ​ត​ពិនិត្យ និង ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ នៃ​អគ្គី​ភ័យ​នេះ​។
Picture

យើង​នូវ​មិន​ទាន់​ដឹង​ថា តើ​ទ្រព្យសម្បត្តិ​អ្វីខ្លះ សម្ភារៈ​អ្វីខ្លះ ក្រៅពី​ផ្ទះសម្បែង ដែល​ត្រូវ​ភ្លើង​ឆេះ ? ប៉ុន្តែ​បើ​តាម​ព័​ត៏​មាន​បឋម នៅ​ពេល​នេះ​គឺ​ម្ចាស់ផ្ទះ​ទាំងអស់​ស្ទើរតែ​មិន​អាច​រំដោះ​អ្វី​បាន​ច្រើន​ទេ ហើយ​ក៏​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​អំពី​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ដែរ​។
ទោះ​យ៉ាងណា បើ​តាម​លោក គឹ​ម ប៊ុ​ន​ធឿ​ន បាន​ប្រាប់​ដែរ​ថា អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ចំណាយ​ទឹក​ច្រើន​រថយន្ត​ណាស់ ​។ រថយន្ត​ពន្លត់អគ្គីភ័យ​ពី​៦​ទៅ​៧​គ្រឿង មក​ពី​ស្រុក​ថ្មគោល ស្រុក​សង្កែ និងស្រុក​ឯក​ភ្នំ​ផង បាន​ផ្គុំ​គ្នា​បាញ់​ពន្លត់ និងបាញ់​ទប់ស្កាត់​៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។