ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ

(ភ្នំពេញ) :នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គប្រជុំថាការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បន្តថាការរៀបចំសេចក្ដីព្រាងច្បាប់ទាំង៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។