ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន ០៣រូប និង ០៥រូប ទៀតត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅខណ្ឌមួយ  

(ភ្នំពេញ) : នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន ០៣រូប និង ០៥រូប ទៀតត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅខណ្ឌមួយ ក្រោមអធិបតីភាព លោក  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី ០៣រូបនេះ រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ. ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូលមកជា អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។ ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពី អភិបាលរងខណ្ឌ ព្រែកព្នៅ មកជា អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ។

ចំពោះ ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ច ពីអភិបាលខណ្ឌ មួយទៅ អភិបាលខណ្ឌ មួយទៀតនេះ រួមមាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពី អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។ ទី២ -លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពី អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។ ទី៣-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពី អភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។ ទី៤-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពី អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។ ទី៥ -លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពី អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជា អភិបាល នៃគណៈអភិបាលខណ្ឌ៧មក។ ចំណែក
លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពី អភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ លោក  ឃួង ស្រេង ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្តព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។