ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោង “សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព

(ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វឌ្ឍនភាពនៃការអនុវត្តគម្រោង “សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC)”

គម្រោង ASMC ដែលមាន University of Illinois at Urbana-Champaign សហរដ្ឋអាមេរិចជាប្រធានគម្រោង និងមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) ជាអ្នកសម្របសម្រួល។ គម្រោងបានទទួលការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាពនៃសាកលវិទ្យាល័យរដ្ឋកាន់សាស (Kansas State University) ដែលបាននិងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន ០៤ រួមមាន៖ កម្ពុជា បង់ក្លាដេស បឺគីណាហ្វាសូ និងសេនេហ្គាល។ នៅកម្ពុជាគម្រោងនេះបានទទួលថវិកាសរុបចំនួនជាង ៩០ម៉ឺនដុល្លារ ដោយចែកចេញជាពីរជំហាន៖ ជំហានទី១: មានទឹក ប្រាក់ជាង ៦០ម៉ឺនដុល្លារ មានរយៈពេល ០៤ឆ្នាំ (២០១៦-២០១៩) ដៃគូអនុវត្តគម្រោងរួមមាន៖ RUA នាយកដ្ឋានវិស្វកម្មកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម វិទ្យាស្ថានបារាំង (CIRAD) និងសាកលវិទ្យាល័យជាតិបាត់ដំបង។ ជំហានទី២: មានទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ មានរយៈពេល ០៣ឆ្នាំ (២០២០-២០២៣) ដៃគូអនុវត្តគម្រោងរួមមាន៖ RUA នាយកដ្ឋានគ្រប់ គ្រងធនធានដីកសិកម្ម និងអង្គការស្វីសខន់ថាក់។ នៅជំហានទី២ សម្រាប់កម្ពុជាគម្រោងមានគោលដៅសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាពីការធ្វើកសិកម្មតាមទម្លាប់ ទៅជាការធ្វើកសិកម្មតាមគោលការណ៍កសិកម្មអភិរក្សលើផ្ទៃដីសរុបចំនួន ២ ៥០០ហត ក្នុងនោះមានកម្មវត្ថុសំខាន់ៗចំនួន០៣ រួមមាន៖
១- កសាងសមត្ថភាពបុគ្គលិកផ្សព្វផ្សាយ អ្នកសម្របសម្រួល អ្នកបច្ចេកទេសគ្រឿងយន្តកសិកម្មអភិរក្ស។
២- បង្កើតទំនាក់ទំនងជាមួយវិស័យឯកជនពាក់ព័ន្ធនឹងគ្រឿងយន្តកសិកម្ម និងគ្រាប់ពូជដំណាំគម្របដី។
៣- បង្កើតបរិយាកាសអំណោយផលជំរុញឲ្យសហគ្រិន កសិករ សេវាករ ផ្លាស់ប្តូរការវិនិយោគពីការអនុវត្តបែបប្រពៃណីទៅជាប្រព័ន្ធកសិកម្មអភិរក្ស។

ដោយទ្បែកក្នុងជំហានទី១ គម្រោងសម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
– បង្កើតគណៈកម្មការប្រឹក្សាយោបល់លើវិស័យគ្រឿងយន្តកសិកម្ម ដែលមានសមាជិក សមាជិកាជាតំណាងមន្ត្រីបច្ចេកទេស សាស្ត្រាចារ្យ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ សិប្បករ សេវាករ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធជាច្រើនចូលរួម។ គណៈកម្មការនេះ មានតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ និងណែនាំតម្រង់ទិសដល់អ្នកអនុវត្តគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រឿងយន្តកសិកម្មសមស្របជាក់ស្តែង ចែករំលែកចំណេះដឹង និងបទពិសោធន៍ តាមរយៈកិច្ចប្រជុំប្រចាំ ឆមាស និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់គណៈកម្មការនេះ។ ជាក់ស្តែង កន្លងមក គណៈកម្មការបានជួបប្រជុំ និងចែករំលែកចំណេះដឹងអំពីតម្រូវការ ការប្រើប្រាស់ ការផលិត និងការលក់ដូរគ្រឿងយន្តកសិកម្មសមស្របបានចំនួន០៦លើក មានអ្នកចូលរួមចំនួន ៣២នាក់។
– កសាងផែនការយុទ្ធសាស្ត្រសម្រាប់គ្រឿងយន្តកសិកម្ម (២០១៦-២០២០) ដោយបានចងក្រង និងបោះពុម្ព ជាសៀវភៅជាភាសាខ្មែរ និងភាសាអង់គ្លេស
– សិក្សាអំពីឧបករណ៍កសិកម្មដែលបាននឹងកំពុងប្រើប្រាស់ សេវាករក្នុងស្រុក ដែលជាប្រភេទផលិតផលនាំចូលពីបរទេស និងផលិតដោយសិប្បករក្នុងស្រុក
– សិក្សាអំពីតម្រូវការឧបករណ៍ និងគ្រឿងយន្តកសិកម្ម និងសេវាករនៅតាមបណ្តាខេត្ត-ក្រុងចំនួន ០៧
– ផលិត និងកែលម្អឧបករណ៍កសិកម្មជាផលិតផលគម្រូ ដែលឆ្លើយតបទៅនឹងលទ្ធផលពីការសិក្សាអំពីតម្រូវការឧបករណ៍ដោយប្រជាកសិករ និងសេវាករខាងលើ។ ប្រភេទឧបករណ៍គំរូ ដែលបានផលិត និងកែលម្អរួមមាន៖ ១- ឧបករណ៍ដាំគ្រាប់ផ្ទាល់បំពាក់ជាមួយគោយន្ត ២- ឧបករណ៍ដាំគ្រាប់ផ្ទាល់បំពាក់ជាមួយត្រាក់ទ័រ ៣- ឧបករណ៍ដាំគ្រាប់ផ្ទាល់បំពាក់ជាមួយត្រាក់ទ័រសម្រាប់កសិកម្មអភិរក្ស ៤- ប៉ែលកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរ ៥- ឧបករណ៍ព្រោះស្រូវ និងបាចជី ៦- រ៉ូឡូកិនស្មៅ និងដំណាំគម្របដី និង៧- ឧបករណ៍រៀបចំដីដាំដុះ និងប្រមូលផលដំណាំបន្លែលក្ខណៈគ្រួសារតាមគោលការណ៍កសិកម្មអភិរក្សជាច្រើនជាង ៣០ប្រភេទផ្សេងទៀត
– សាកពិសោធន៍ដើម្បីសិក្សាលើប្រសិទ្ធភាពរបស់ឧបករណ៍ និងអនុវត្តស្រែបង្ហាញ ជូនដល់ប្រជាកសិករ សេវាករ សិប្បករ អ្នកស្រាវជ្រាវ និងនិស្សិតជាច្រើនលើកទាំងក្នុងលក្ខណៈមន្ទីរពិសោធន៍ ស្ថានីយ៍ពិសោធន៍ និងនៅលើដីស្រែរបស់កសិករផ្ទាល់
– ផលិត និងចងក្រងសៀវភៅគំនូរបច្ចេកទេសនៃឧបករណ៍គំរូ ដែលបានផលិត និងកែលម្អសម្រាប់ជាជំនួយដល់សិប្បករ លើការផលិតឧបករណ៍ទាំងនេះ។ សៀវភៅគំនូរបច្ចេកទេសទាំងនេះ បានបោះពុម្ពសម្រាប់ផ្តល់ជូនដៃគូគម្រោង នៅ RUA និងនៅនាយកដ្ឋានវិស្វកម្មកសិកម្ម រក្សាទុកជាឯកសារ
– រៀបចំខិតបណ្ណបច្ចេកទេសអំពីឧបករណ៍គំរូ ដែលបានផលិត និងកែលម្អ និងបានបោះពុម្ពចំនួន ៣០០ សន្លឹក សម្រាប់ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ
– រៀបចំចងក្រងសៀវភៅណែនាំអំពីការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសម្រាប់ឧបករណ៍ដែលបានផលិត កែលម្អ និងបានបោះពុម្ពចំនួន ១៨០ក្បាល។
– កសិករចំនួន ២៦៣គ្រួសារ និងផ្ទៃដីចំនួន ៥៩១ហត នៅក្នុងខេត្តបាត់ដំបង និងកំពង់ធំ បានផ្លាស់ប្តូរបច្ចេកទេសធ្វើកសិកម្មតាមទម្លាប់ មកអនុវត្តតាមគោលការណ៍កសិកម្មអភិរក្សវិញ
– បង្កើតបណ្តាញស្ត្រីកសិករអ្នកដាំដុះដំណាំបន្លែលក្ខណៈគ្រួសារ អនុវត្តតាមគោលការណ៍កសិកម្មអភិរក្សនៅខេត្តបាត់ដំបង ដែលមានសមាជិកចូលរួមចំនួន ៣០នាក់
– កំណត់យន្តការផ្សារភ្ជាប់សេវាករទៅនឹងកសិកម្មអភិរក្ស
– អភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិស្វកម្មកសិកម្ម។
– កសាងផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ (២០២០-២០២៥) របស់មហាវិទ្យាល័យវិស្វកម្មកសិកម្ម និងផែនការកម្មវិធីបណ្តុះបណ្តាល ដោយគ្រោងស្នើសុំប្តូរឈ្មោះមហាវិទ្យាល័យទៅជាមហាវិទ្យា ល័យវិស្វកម្មប្រព័ន្ធជីវកសិកម្ម (Faculty of Agricultural Biosystems Engineering) ក្នុងទស្សនវិស័យក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយឈានមុខនៅតំបន់អាស៊ីអាគ្នេយ៍ ផ្នែកប្រព័ន្ធជីវសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព នៃការផលិត និងកែច្នៃផលិតផលកសិកម្ម។ ផែនការយុទ្ធសាស្ត្រនេះរួមមាន៖ ១- ធ្វើទំនើបកម្មកម្មវិធីវិស្វកម្មប្រព័ន្ធជីវកសិកម្មទាំងថ្នាក់បរិញ្ញា និងក្រោយបរិញ្ញា ២- ពង្រឹងសមត្ថភាពសម្រាប់ការបណ្តុះបណ្តាល ការ ស្រាវជ្រាវ និងការផ្សព្វផ្សាយ និង៣- កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រកម្មវិធី
– ពង្រឹងគុណភាពបណ្តុះបណ្តាលនិស្សិត តាមរយៈការអនុវត្តជាក់ស្តែង បន្ថែមលើការសិក្សាទ្រឹស្តី ការចុះហាត់ការផ្ទាល់ជាមួយវិស័យឯកជន និងការចូលរួមស្រាវជ្រាវរបស់និស្សិតក្នុងគម្រោង និស្សិតចំនួន ៣៣៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល និងអនុវត្តបង្ហាញបច្ចេកទេសកសិកម្មដែលរៀបចំដោយគម្រោង។ និស្សិតចំនួន ១៤នាក់ បានចូលរួមសិក្សាស្រាវជ្រាវ និងប្រើប្រាស់ ជាលទ្ធផលនៃការសិក្សាសម្រាប់សារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់នៅ RUA និងសាកលវិទ្យាល័យជាតិបាត់ដំបង។ និស្សិតមហាវិទ្យាល័យវិស្វកម្មកសិកម្មចំនួន ១៤ នាក់បានចូលរួមហាត់ការជាមួយវិស័យឯកជន និងក្រុមអ្នកស្រាវជ្រាវរយៈពេល ៣ ទៅ ៦ខែ
– ចូលរួមធ្វើបទបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវ នៅតាមវេទិការវិទ្យាសាស្ត្រជាតិ និងអន្តរជាតិដោយក្រុមការងារអនុវត្តគម្រោង និងនិស្សិតជាច្រើនលើក និងច្រើនប្រធានបទ
– បោះពុម្ពអត្ថបទវិទ្យាសាស្ត្រចំនួន ០១ អត្ថបទ អំពីឧបករណ៍ដាំគ្រាប់បំពាក់ជាមួយត្រាក់ទ័រសម្រាប់កសិកម្មអភិរក្សក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Asian Journal of Agricultural and Environmental Safety។

ចំពោះជំហានទី២ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ គម្រោងសម្រេចបានលទ្ធផលសំខាន់ៗមួយ ចំនួនដូចខាងក្រោម៖
– ជ្រើសរើសនិស្សិតពីមហាវិទ្យាល័យវិស្វកម្មកសិកម្មចំនួន ០៣នាក់ ដើម្បីហាត់ការរយៈពេល ០២ឆ្នាំ (២០២១-២០២៣) នៅមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៅខេត្តបាត់ដំបង ដើម្បីក្លាយជាអ្នកជំនាញផ្នែកផ្សព្វផ្សាយ និងផ្នែកបច្ចេក ទេសគ្រឿងយន្តកសិកម្មសម្រាប់កសិកម្មអភិរក្ស និងជាគ្រូឧទ្ទេសនាមក្នុងជំនាញនេះសម្រាប់មហាវិទ្យាល័យវិស្វកម្មកសិកម្មនាពេលអនាគត
– ទិញម៉ូតូចំនួន ០៤ គ្រឿងសម្រាប់ផ្តល់ជូនដល់និស្សិតហាត់ការ និងគ្រូបង្គោល
– កសិករចំនួន ៦៦គ្រួសារ និងផ្ទៃដីចំនួន ១២៥ហត នៅខេត្តបាត់ដំបងបានចូលរួមប្រើប្រាស់បច្ចេកទេសកសិកម្មអភិរក្ស និងគ្រឿងយន្តកសិកម្មអភិរក្ស ជាមួយនឹងសេវាករជាច្រើនរូប
– បន្តអនុវត្តស្រែបង្ហាញគោលការណ៍កសិកម្មអភិរក្ស និងគ្រឿងយន្តកសិកម្មអភិរក្សជូនដល់កសិករខ្នាតតូចនៅខេត្តបាត់ដំបង
– សហការជាមួយមជ្ឈមណ្ឌលស៊ីសេន លើការកសាងសមត្ថភាពយុវជនជាស្ត្រី ដើម្បីក្លាយជាអ្នកជំនាញផ្នែកយេនឌ័រ នៅ RUA និងដើម្បីផ្សាភ្ជាប់ការអភិវឌ្ឍបច្ចេកទេសគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មកសិកម្មទៅនឹងយេនឌ័រ និងយុវជន
– បង្កើតកិច្ចព្រមព្រៀងជាមួយវិស័យឯកជន និងជួយវិស័យឯកជនទាំងនេះ ដើម្បីជំរុញការវិនិយោគលើផ្នែកគ្រឿងយន្តកសិកម្មសមស្រប និងគោលការណ៍កសិកម្មអភិរក្ស
– ស្រាវជ្រាវ និងផ្តល់ទិន្នន័យអំពីគ្រឿងយន្តកសិកម្មនៅកម្ពុជាសម្រាប់បង្កើតជា database របស់គម្រោង។ល។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង លោកអ្នកអាចស្វែងរកតាមរយៈគេហទំព័រ https://aces.illinois.edu/news/u-i-asmc-extends-research-projects-four-developing-countries ឬ https://www.facebook.com/ASMCProjectCambodia

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។