ព័ត៌មានជាតិ

គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បញ្ចូលសមាជិកថ្មី ៧៦០នាក់ មកពីសង្កាត់វាលវង់ និងសង្កាត់កំពង់ចាម

(កំពង់ចាម) ​៖គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រារព្ធពិធីទទួលសមាជិកថ្មីចំនួន ៧៦០នាក់ មកពីសង្កាត់វាលវង់ ៥២២ នាក់ និង សង្កាត់កំពង់ចាម ២៣៨ នាក់។ ពិធីបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅសាលាប្រជុំសរសរ ១០០ សម្តេចតេជោ សួនក្រញូង ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកថ្មី ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តទៀតថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។