ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយហ្លួងម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយព្រះវត្តមាន ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត ព្រះមន្ត្រីសង្ឃ ព្រមទាំងគណ:កិត្តិយសសាខា ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានក្រុមកាកបាទក្រហមកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំង អនុសាខាក្រុងកំពង់ចាម- ស្រុកកំពង់សៀម ប្រមាណ២០០ នាក់ បាននិមន្ត និងអញ្ជើញ ចូលរួមក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា ដែលបានប្រព្រឹត្តទៅ នាសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ក្នុងនាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង គណៈកិត្តិយស គណៈ:កម្មាធិការ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំ ទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ ។

បន្ទាប់ពី ព្រះនាគសត្ថា ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងព្រះមន្ត្រីសង្ឃ ៨អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ សាសនា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួចមក ឯកឧត្តម អ៊ុនចាន់ដា និង ឯកឧត្តមខ្លូត ផន ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៩អង្គ ដោយក្នុងមួយអង្គ ៖ ចង្ហាន់ ១ស្រាក់ , ផ្លែឈើ ស្រស់ ១កន្ត្រក, សាដក ១ និងបច្ច័យចំនួន ១០ម៉ឺនរៀល ។ ដោយឡែក ព្រះបាឡាត់គណខេត្ត បច្ច័យ ២០ម៉ឺនរៀល និងព្រះវិន័យធរគណខេត្តបច្ច័យ ១៥ម៉ឺនរៀល ។ ឧបត្ថម្ភ ទីប្រឹក្សា- យុវជនកាកបាទក្រហមកម្ពុជា ១១៥នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល និង អ្នកស្ម័គ្រចិត្ត ភូមិ ចំនួន ២១នាក់ ម្នាក់ៗ ថវិកា ៥០,០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។