ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួម ក្នុងពិធីចែកស្រូវពូជ ជូនដល់បងប្អូនប្រជាកសិករ ក្នុងស្រុកស្ទឹងត្រង់ចំនួន១.៤៤៥គ្រួសារមកពីឃុំចំនួន៦ ដែលរងផលប៉ះពាល់ខូចខាតដោយសារជំនន់ទឹកភ្លៀង

(កំពង់ចាម) :នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ភ្លៀង និងជំនន់ទន្លេមេគង្គ ដែលមកពីឃុំចំនួន ៦ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ១.៤៤៥គ្រួសារ ស្មើនឹងស្រូវពូជចំនួន ១០៧.៦០០គីឡូក្រាម ។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ ដើម្បី យកទៅស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ។ ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ចំនួន ១.៤៤៥គ្រួសារ នៅឃុំចំនួន ០៦ ក្នុងស្រុកស្ទឹងត្រង់ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវ ចំនួន ១០៧.៦០០គីឡូក្រាម សម្រាប់ការស្តារឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ មកនោះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា ។ ជាពិសេស នៅថ្ងៃនេះសម្តេចតេជោ បានចាត់តាំងរូបឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បី នាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល សម្រាប់ស្តារឡើងវិញ បន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បី បងប្អូនមានលទ្ធភាព ក្នុងបង្កបង្កើនផលបានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាកសិករ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។