ព័ត៌មានជាតិ

បើករថយន្តដឹកជនរងគ្រោះមកទម្លាក់ចោលរួចបាញ់៣គ្រាប់ផ្ទួនៗបណ្ដាលឱ្យស្លាប់!

(ភ្នំពេញ) ៖ បុរសរងគ្រោះជាជនជាតិបរទេសម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខដឹកតាមរថយន្តស៊េរីទំនើប១គ្រឿងមកទម្លាក់ចុះពីលើរថយន្តរួចដកកាំភ្លើងខ្លីបាញ់៣គ្រាប់ផ្ទួនៗបណ្ដាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយបក្សពួកជនសង្ស័យបានបើករថយន្តចេញពីកន្លែងកើតហេតុយ៉ាងលឿន ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នៅចំណុច THE PARK RESIDENCES TOWER2 តាមផ្លូវក្រសួងការបរទេស ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ប្រទះឃើញមនុស្ស១ក្រុមបើករថយន្តទំនើបតែមិនបានចាំម៉ាកឬផ្លាកលេខទេ ដោយឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់បើតាមស្ដាប់មិនខុស តែការឮសំឡេងមិនខ្លាំងគឺដោយសារជនល្មើសយកកាំភ្លើងបាញ់កៀកជនរងគ្រោះទើបមិនសូវឮសំឡេងហើយពេលរថយន្តរបស់ជនល្មើសបើកចេញពីកន្លែងកើតហេតុទើបឃើញបុរសជនរងគ្រោះ ហើយបង្កការផ្អើលឆោឡោអ្នកខ្លះហៅរថយន្តសង្រ្គោះបន្ទាន់និងប្រញាប់រាយការណ៍ទៅសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចុះមកដល់សាកសួរសាក្សីនិងរកមើលសំបកគ្រាប់កាំភ្លើងរបស់ជនសង្ស័យតែរកមិនឃើញ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់យ៉ាងខ្លីថា ពិតជាមានករណីផ្ទុះអាវុធមែនហើយជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរកាល់ម៉ែតដោយសាររងរបួសធ្ងន់ខ្លាំងពេក និងបានទំនាក់ទំនងទៅការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញមកពិនិត្យសពជនរងគ្រោះតើត្រូវត្រង់ណាខ្លះ។ សពជនរងគ្រោះបានតម្កល់នៅក្នុងសាលសពរបស់មន្ទីរពេទ្យកាល់ម៉ែតដើម្បីរង់ចាំព្រឹកឡើងទំនាក់ទំនងទៅស្ថានទូតដើម្បីស្វែងរកគ្រួសារតាមក្រោយទៀត ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។