ព័ត៌មានជាតិ

លោក ភូ លិ អភិបាលរងខេត្តកែប ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ បញ្ចប់មុខតំណែង ករណីប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ការសម្រេចដកលោក ភូ លិ ចេញពីអភិបាលរងខេត្តកែប បានកើតមានក្រោយពេលផ្ទុះរឿងអាស្រូវប្រើហិង្សាលើមន្ត្រីសាខាពន្ធដារខេត្តកែប។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គី អបអរសាទរការចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។

លុះម៉ោងប្រហែល ៧៖៣០នាទីយប់ បន្ទាប់ពីបានក្រេបដឹកប្តូរនិស្ស័យរហូតស្រវឹងហើយនោះ លោក ភូ លិ បានថើបក្បាលនារីម្នាក់ ជាសាច់ញាតិរបស់ឈ្មោះលោកស្រី ខូវ ហ៊ុយឡាំង ដែលមើលទៅមិនសាកសមនោះឡើយ។

ក្រោយពេលថើមហើយនោះ ស្ត្រីដែលរងការបៀតបៀននេះ លោកនិយាយទៅកាន់ លោក ភូ លិ ថា ធ្វើអ៊ីចឹងមិនសមទេ កុំធ្វើចឹងមិនត្រឹមត្រូវទេ។

អ្នកឃើញហេតុការណ៍បន្តថា ក្រោយនារីរងការបៀតបៀននិយាយបែបនេះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញ។ មួយសន្ទុយក្រោយមក ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងស្ត្រីរងការបៀតបៀន ព្រមទាំងអ្នករួមតុដទៃទៀត ក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួនដេរប្រមាណ ១៦ថ្នេរ។

ប្រភពបន្តថា ក្រោយពេលកើតហេតុហិង្សា និងការបៀតបៀននេះ លោក ភូ លិ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ។

លោក ភូ លិ មានអតីតភាពជាអភិបាលរងខេត្តកំពត តែព្រោះតែភាពមិនចុះសម្រុងការងារជាមួយមន្ត្រីក្នុងខេត្ត ក៏ត្រូវបានប្តូរទៅកាន់ខេត្តកែបវិញ។

អ្នកដែលធ្លាប់ស្គាល់លោក ភូ លិ បានអះអាងថា លោក ភូ លិ ជាមនុស្សមានចរិតមិនថ្លៃថ្នូរ ជាពិសេសនៅពេលស្រវឹងតែងធ្វើទង្វើមិនគប្បីមួយចំនួនបំបៀបំពានលើកិត្តិយសរបស់ស្ត្រី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។