ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម និងសហការី អញ្ជើញចុះពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ

(កណ្ដាល) ៖នាព្រឹកថ្ងៃសៅរ៍ ទី​ ៣១​ ខែធ្នូ​ ឆ្នាំ២០២២​ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ​ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។

ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង។ ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក ។

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម ជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើនបើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមាន​រដូវ​នេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព។

ដូច្នេះ សូមអ្នកនេសាទទាំងអស់បន្តគោរពច្បាប់​នេសាទ ដេីម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ ឯអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងទោសទណ្ឌយ៉ាងតឹងតែង។

ឯកឧត្តមរដ្ធមន្រី ឌិត ទីណា បានណែនាំមន្ត្រីជលផលរួចហើយ អំពីយុទ្ធសាស្ត្រនៃការពង្រឺងច្បាប់ដោយមិនផ្អែក​តែ​លើ​បទល្មើស​ជាក់ស្តែងនោះឡើយ។ ឱ្យតែមានភស្តុតាងនឹងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។