ព័ត៌មានជាតិ

លោកតា​វយ័៧២​ឆ្នាំ​បើករថយន្តTOYOTA LAND CRUISER ស៊េរីទំនើបបុកម៉ូតូបណ្តាលអោយ ម្តាយ​និង​កូន​ស្លាប់យ៉ាងអាណោចអាធម័!

(កំពង់ចាម) ៖ ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់ ដោយ​ម្ដាយ​និង​កូន​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ បើក​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី ស្ថិត​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​។ ហើយ​រថយន្ត​នោះ​ក៏​បាន​បើក​ធ្លាក់​ផ្លូវ​រួច​បុក​ដើមឈើ​ធ្វើ​ឱ្យ​បាក់​មួយ​ដើម​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ចំណែក​អ្នក​បើករថយន្ត​វ័យ​៧២​ឆ្នាំ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ធ្វើការ​ឃាត់ខ្លួន​ផង​ដែរ​។
លោក សន ពុទ្ធ​ថា អធិការរង​នគរបាល​ស្រុក​ចំការលើ ទទួល​ផែន​សណ្ដាប់ធ្នាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម្ដាយ​និង​កូន ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​អែប​ស្ដាំ​ដៃ ចំណែក​រថយន្ត​វិញ​បាន​បើក​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ក៏​បាន​បុក​ម៉ូតូ​ពេញទំហឹង​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ដាយ​និង​កូន​ប្លោង​ចេញពី​ម៉ូតូ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កើត​ហេតុតែ​ម្ដង​។

លោក​អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​រង់ចាំ​ជំនាញ​ការិយា​ល័យ​ផែន​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​គ្នា​ចុះ​វាស់វែង ហើយ​ឃើញ​ថា ចំណុច​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​នៅ​ស្ដាំ​ដៃ​ម៉ូតូ ហើយ​ស្ថិត​នៅ​ចំណុច​ផ្លូវ​រាង​កោង​ទៀត​ផង​។

សូម​បញ្ជាក់​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក TOYOTA LAND CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​.2AK- 2546 បើកបរ​ដោយ​ឈ្មោះ លឹ​ម តារា​មា​ណី ភេទ​ប្រុស អាយុ​៧២​ឆ្នាំ អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ លឹ​ម ទេវី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​១១ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​បើកបរ​ពី​ជើង​ទៅ​ត្បូង ក៏​បាន​បុក​ប៉ះ​នឹង​ម៉ូតូ​០១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម​1I-0704 បើកបរ​ដោយ​ឈ្មោះ ហ៊​ន ញ៉ា​ញ់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ អេ​ន ឆេ​ង​គ័​ង្គ ភេទ​ប្រុស អាយុ​០៤​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម បើកបរ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​២​នាក់​ម្តាយ​និង​កូន នៅ​កន្លែង​កើតហេតុ និង​ធ្វើ​ឱ្យ​ម៉ូតូ​០១​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​វិញ​រង​ខូចខាត​ស្រាល ហើយ​ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ចុះ​មក​ដល់​ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​សួរនាំ ។

មន្ត្រី​ជំនាញ​ចរាចរណ៍​បាន​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​កន្លែង​កើតហេតុ​ចប់​សព្វគ្រប់ សាកស​.​ព​ជន​រង​គ្រោះ​ទាំង​ម្ដាយ​និង​កូន ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​វិញ ត្រូវ​បាន​រៀបចំ​បែបបទ​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​ទៅ​តំណាង​អយ្យា​ការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ជាមួយ​នោះ​ដែរ គេ​ក៏​បានឃើញ​ភាគី​ខាង​រថយន្ត​ជួយ​ចាត់ចែង​ថវិកា ដើម្បី​ចូលរួម​ចំណែក​បុណ្យ​ស​.​ព​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​ផង​ដែរ​៕សហការ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។