ព័ត៌មានជាតិ

កិច្ចប្រជុំ​ ស្តីពីការពិនិត្យលក្ខណៈបច្ចេកទេសផលប៉ះពាល់កំណាត់ផ្លូវវាងក្រុងសៀមរាប នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលក្ខណៈបច្ចេកទេសផលប៉ះពាល់កំណាត់ផ្លូវវាងក្រុងសៀមរាប នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត ជាមួយក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដែលដឹកនាំដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការចូលរួមឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម នូ វណ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម កុយ រតនៈបណ្ឌិត អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកញ្ជូន លោក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាល អភិបាលរងក្រុង ស្រុក ទាំង៦ លោក ប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ​ លោក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងក្រុមហ៊ុន China Road & Bridge Corporation (CRBC) និងមន្ត្រីជំនាញពាក់ព័ន្ធ មួយចំនួនទៀត។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

សូមជម្រាបជូនថាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត មានប្រវែង ៤២១.៣៧៧គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប មានប្រវែង ១៤០គីឡូម៉ែត្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។