ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានស្នេី​ដល់​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ!

(កំពង់ចាម) ៖ក្នុងពិធីចែកប័ណ្ណសមធម៌​ ជាង ៧មុឺនប័ណ្ណ ជូនប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះ ក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុង​ឱកាស​នោះ​ ឯកឧត្ដមអភិបាលខេត្ត បានស្នេី​ដល់​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំង​ក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន​ និងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហាររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារដែលកាន់បណ្ណ សមធម៌ និងបណ្ណងាយរងហានិភ័យ សូមទៅទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយពុំមានបង់ថ្លៃសេវាព្យាបាលឡើយ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។