ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិដែលនាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផ្តើមឱ្យមានសន្តិភាពនាពេលបច្ចុប្បន្ន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបណ្តាប្រទេសនានា និងអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកដោះស្រាយជាមួយកម្ពុជា ដើម្បីបង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយជាពិសេសរំលឹកដល់ព្រះបរមរតនកោដ្ឋ ដោយការចាប់ផ្តើមចរចាពេលនោះ ហៅថា ជំនួបចរចាសីហនុ-ហ៊ុន សែន នៅថ្ងៃ ០២ ខែធ្នូ ឆ្នាំ១៩៨៧។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការចរចាគឺជាការចាប់ផ្តើមមួយដ៏សំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សារជាតិ ហើយគ្មានបរទេសណាដែលអាចមកធ្វើជំនួសខ្មែរបានទេ។ សម្តេចតេជោបញ្ជាក់ថា ពីមួយជំហានទៅមួយជំហានការចរចាចេះតែពង្រីកបន្តិចម្តងៗ រហូតដល់មានការប្រជុំក្រៅផ្លូវការយ៉ាកាតា លើកទី១ និងលើកទី២ និងមានជាបន្តបន្ទាប់ រហូតបានចាប់ផ្តើមមានកិច្ចព្រមព្រៀងសន្តិសុខប៉ារីសនៅឆ្នាំ១៩៨៩ ពេលនោះមានប្រទេសធំៗទាំងប្រាំ អង្គការសហប្រជាជាតិ សមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងប្រាំ មិនទាន់ចូលអន្តរាគមន៍ជួយកម្ពុជានោះទេ។ សម្តេចបន្តថា នៅឆ្នាំ១៩៩០ ទើបប្រទេសធំទាំងប្រាំ ចូលរួមបង្កើតឡើង ក្នុងក្របខណ្ឌដោយយកការព្រមព្រៀងរបស់ភាគីកម្ពុជាដែលមានការស្រុះស្រួលគ្នា បូកបញ្ចូលទៅគំនិតផ្តួចផ្តើមជាមួយបណ្តាប្រទេសធំទាំងឡាយដែលត្រូវធានាជាអន្តរជាតិ រហូតនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ ចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។