ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្រាក និងព្យាបាលជំងឺ១ខ្នង តម្លៃជាង២លានដុល្លារ នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្រាក និងព្យាបាលជំងឺ មន្ទីរពេទ្យបង្អែកខេត្ត ១ខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីរាជការ នៅខេត្តឧត្តរមាជ័យជាច្រើនរូបទៀត។

ឯកឧត្ដមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា អគារមន្ទីរពេទ្យថ្មី១ខ្នង ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទំហំ ៣២ម៉ែត្រ គុណ៤២ម៉ែត្រ សាងសង់ដោយ ថវិកាគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ចំណាលពេលសាងសង់១៨ខែ ដោយចំណាយថវិកាសាងសង់សរុប ២,៣៧៤,២២៧ដុល្លារ ចំណាយលើសំណង់អគារ បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។

ឯកឧត្ដមប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងឱ្យដឹងទៀតថា អគារមន្ទីរពេទ្យថ្មីនេះ មាន១៨បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់ សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែក សម្ភព រោគស្ត្រី វះកាត់តូច-ធំ ជម្ងឺទូទៅមនុស្ស ចាស់-កុមារ និងសេវាជាសារវត្តផ្សេងទៀតដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្ត ប្រកបដោយសុវត្ថិភាពនិងមានទំនុកចិត្ត។ ក្នុងនាមមន្ទីរសុខាភិបាលខេត្ត លោកសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស ពុក ម៉ែ បងប្អូន ដែលមានវត្តមាននៅទីនេះ ជួយផ្សព្វផ្សាយបន្តដល់សហគមន៍ ដើម្បីឱ្យមកប្រើប្រាស់សេវាកម្មនៅទីនេះ ឱ្យបានកាន់តែច្រើនចាប់ពីពេលនេះតទៅ។

នៅក្នុងឱកាសនោះ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ ជូនចំពោះលោក លោកស្រី ជាដ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិក មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គ្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គិតគូយ៉ាងហ្មត់ចត់ ទាំងការផ្តល់សុខភាពជូនប្រជាពលរដ្ឋ ទាំងផ្នែកទំនាក់ទំនង ពិសេខការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ វិស័យសុខាភិបាល ការពង្រឹង ការចូលរួមអនុវត្តកម្មវិធីរបស់ក្រសួងសុខាភិបាល និងកំណែទំរង់របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី៤ នៃរដ្ឋសភា។

ឯកឧត្ដមរដ្ឋមន្រ្តីសំដែងការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងបគ្គលិទាំងអស់នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃលើការពិនិត្យ ពិគ្រោះយោបល់ ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌុលសុខភាពទាំងអស់ សូមពង្រឹងវិន័យការងារ ពិនិត្យ ពេលវេលាម៉ោងធ្វើការ វេនយាមឱ្យបានទៀងទាត់ត្រឹមត្រូវ និងរាល់សកម្មភាពរបស់បុគ្គលិកក្រោមឱវាទ អំពីក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងការទទួលខុសត្រូវខ្ពស់ដោយមិនត្រូវទុកអ្នកជំងឺចោលឡើយ។ ត្រូវចងចាំថា គ្រូពេទ្យត្រូវព្យាបាលង្នកជំងឺជាមុនសិនទើបគិតលុយជាក្រោយ គឺមិនត្រូវចាត់ទុកលុយជាធំជាងអ្នកជំងឺឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។