ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង

(បាត់ដំបង) ៖នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តដំណើរបេសកកម្មជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ១១០នាក់ នៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលនេះជាសកម្មភាពចុះតាមមូលដ្ឋាននៅតាមខេត្តប៉ែកខាងត្បូងបឹងទន្លេសាប។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីស្ម័គ្រចិត្ត ដែលមានឆន្ទៈ និងមនសិការជាតិ ក្នុងការខិតខំផលិតពូជស្រូវសុទ្ធដើម្បីជួយដល់កសិករ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចដែលប្រគល់ជូនគឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អបំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈមនិងតម្រូវការពិតរបស់ពួកគាត់ ត្រូវមានការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករទាំងបច្ចេកទេសនិងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់បន្ថយថ្លៃដើម ជំរុញការនាំចេញ ដើម្បីឱ្យកសិករចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លើសពីនេះទៀត ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព តាមរយៈវិធានការបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។