ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបុណ្យទន្លេលេីកទី៨​ នៅខេត្តសៀមរាប

(សៀមរាប) ៖ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្តបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបុណ្យទន្លេលេីលទី៨​ នៅខេត្តសៀមរាបក្រោមការដឹកនាំលោក​ លី​ វណ្ណៈ​ នាយករដ្ឋបាលសាលាខេត្ត​ ដោយមានការចូលរួមពីលោក​ នាយករងរដ្ឋបាល​ នាយកទីចាត់ការ​ អង្គភាព​ មន្ទីរពាក់ព័ន្ធ​ និងក្រុង​ ស្រុកទាំង៦ដែលជាប់នឹងបឹងទន្លេសាប។

លោក​ កុសល​ មករាពិសិទ្ធ​ នាយកទីចាត់ការទំនាក់ទំនង​ និងសហប្រតិបត្តិការអន្តរជាតិបានរាយការណ៍អំពីវឌ្ឍនភាពការងារដោយមកដល់ពេលនេះរដ្ឋបាលខេត្តបានសហការជាមួយក្រសួងសម្រេចបាននូវកិច្ចការមួយចំនួន។ ជាមួយគ្នានេះ​ លោក​ នាយកទីចាត់ការក៏បានរាយការណ៍បន្ថែមអំពីសេចក្តីព្រាងសកម្មភាពមួយចំនួនរៀបចំដោយរដ្ឋបាលខេត្ត ក្នុងកម្មវិធីបុណ្យទន្លេរយៈពេល៣ថ្ងៃ(ថ្ងៃទី១៥-១៦-១៧​ ខែមីនា​ឆ្នាំ២០២៤)នេះរួមមាន​ :
១-ពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ
២-ពិព័រណ៍តុក្តាត្រី និងជីវិតរស់នៅលើទឹក/ទន្លេ
៣-ការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”
៤-ពិព័រណ៍តុក្តា និងរូបភាពសហគមន៍ជាប់ទន្លេសាប
៥-អប់រំ-សំអាតបរិស្ថានទន្លេ
៦-ប្រលែងកូនត្រី
៧-ពិព័រណ៌ម្ហូបអាហារខ្មែរ
៨-ស្តង់ពិព័រណ៍ពាណិជ្ជកម្ម
៩-ការប្រគុំតន្ត្រី
១០ការប្រកួតវាយកូនហ្គោល

ក្រោមពីស្តាប់របាយការណ៍វឌ្ឍនភាព​ និងការចូលរួមមតិយោបល់រួចមក​ លោក​ លី​ វណ្ណៈ​ បានណែនាំដល់ក្រុមការងារ​ ពិសេសក្រុង​ ស្រុក​ ត្រូវរៀបចំ​តុបតែងចងទង់ជាតិតាមមុខផ្ទះ​ សម្អាតបរិស្ថាន​ សណ្តាប់ធ្នាប់​ និងជួយសម្រួលចរាចរណ៍ដល់ប្រតិភូ​ ព្រមទាំងភ្ញៀវទេសចរចូលមកកំសាន្តនៅពេលពិធីបុណ្យទន្លេ​ ហេីយរដ្ឋបាលក្រុងត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរៀបចំសណ្តាប់ធ្នាប់​ និងពិនិត្យទីតាំងចំណតទាំងកន្លែងប្រារព្ធពិធី​ និងភ្ញៀវទេសចរមកកំសាន្ត​ ពិសេសការចត​ និងសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត។ ទន្ទឹមនឹងនេះ​ លោក​ នាយករដ្ឋបាលក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវផ្អាកកម្មវិធីមួយចំនួននៅពេលដែលប្រារព្ធពិធីបេីកជាផ្លូវការ។

លោក​ នាយករដ្ឋបាលក៏បានណែនាំដល់អាជ្ញាធរក្រុង​ ស្រុកឱ្យអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដោយសម្អាតបរិស្ថាន​ព្រមទាំងធ្វេីតុបតែងដោយចងនូវទង់ជាតិលម្អគេហដ្ឋានរៀងខ្លួនៗដែលនៅតាមដងផ្លូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។