ព័ត៌មានជាតិ

កិច្ចប្រជុំពិសេស ជុំវិញវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំអភិបាលរងខេត្ត,នាយរដ្ឋបាល,កងកម្លាំងទាំងបី,ប្រធានមន្ទីរ-អង្គភាពជំនាញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស ជុំវិញវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូZoom ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងកិច្ចប្រជុំពិសេសខាងលើ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មី (ដែលតា) ចំនួន៥ចំណុច ដែលវិធានការទាំង៥ ដូចខាងក្រោម÷

ទី១÷ ពង្រឹងវិធានការចេញចូល តាមព្រំដែនគោក ព្រំដែនទឹក និង ព្រំដែនអាកាស ជាពិសេសតាមព្រំដែនគោក ថៃ វៀតណាម និងប្រទេសឡាវ។ ក្នុងចំណោម ព្រំដែនទាំង៣នេះ សម្តេចតេជោ ហ៊ុន សែន ដាក់ការព្រួយបារម្ភខ្លាំងជាងគេ គឺព្រំដែនគោកជាមួយថៃ។

ទី២÷ ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស តាមព្រំដែន។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានយកការទទួលខុសត្រូវ ក្នុងនាមជាអ្នកទទួលខុសត្រូវ លើនយោបាយទូទៅទាំងក្នុង និងក្រៅប្រទេស។ ការធ្វើតេស្តរហ័ស ត្រូវតែផ្តល់មធ្យោបាយ ដល់បណ្តាលខេត្ត ដូច្នេះគ្រប់ច្រកទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័យ។ ក្រៅពីការធ្វើតេស្តរហ័យ ដោយសង្ស័យខ្លាំង ត្រូវធ្វើតេស្តតាមម៉ាស៊ីនធំ ដែលនៅបាត់ដំបង និង ខេត្តសៀមរាប ក៏មានដើម្បីឱ្យដំណើរការ។ ម៉ាស៊ីននេះ សម្តេចតេជោ បញ្ជាក់ថា ទិញឱ្យមកប្រើប្រាស់ មិនមែនទិញមកឱ្យអោបទេ។

ទី៣÷ ការធ្វើចត្តាឡីស័កតាមព្រំដែន ពិសេសខេត្តជាប់ព្រំដែនថៃ ព្រោះច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករមកពីថៃ ចូលកម្ពុជាច្រើនជាងគេ។ ទោះកម្ពុជាក្រ ក៏មិនអាចឱ្យពលរដ្ឋ មកដល់ស្រុកកំណើតខ្វះខាតនោះទេ ហើយការហូបចុក ត្រូវមាន ៣ពេល ក្នុងមួយថ្ងៃ។

ទី៤÷ ដាក់អ្នកជំងឺ ឱ្យព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានកូវីដដែលតា ហើយកុំឱ្យក្លាយជាសោកនាដកម្ម ដល់ប្រទេសយើងបានឡើយ។

ទី៥÷ ពលករនៅថៃ កុំបារម្ភខ្លាំង ព្រោះកម្ពុជាបានសហការ ជាមួយថៃរួចហើយ ដើម្បីការពារពលករ ក្នុងនោះពលករខុសច្បាប់ បើអាជ្ញាធរថៃបានរកឃើញ នោះអាជ្ញាធរនឹងធ្វើលិខិតបញ្ជាក់ជាពលករពេញសិទ្ធតែម្តង៕ ចៅ វង្ស I.K.Team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។