ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

(កោះកុង): លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សិក្ខាសាលាស្តីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” មានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនទាន យន្តការ យុទ្ធសាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

លោកបន្តថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ក្រោយការជជែកពិភាក្សាតាមរយៈអង្គសិក្ខាសាលា លោក ផៃ ស៊ីផាន បានកត់សម្គាល់នូវស្ថានភាពជារួមនៃបញ្ហាប្រឈម និងកង្វះខាតប្រសិទ្ធភាពនៅក្នុងយន្តការនេះ រួមមានកត្តាសំខាន់៣ គឺ៖
១.កង្វះខាតធនធានសម្រាប់វិជ្ជាជីវៈទាំងមន្ត្រី សម្ភារៈ និងថវិកា ក្នុងការចុះយកប្រមូល និងផ្សព្វផ្សាយព័ត៌មាននៅក្នុងមន្ទីរព័ត៌មាននៃខេត្តមួយចំនួន។
២.កិច្ចសហការរវាងមន្ត្រីព័ត៌មាន និងមន្ត្រី នៃមន្ទីរវិស័យជំនាញ ពុំទាន់មានភាពជិតស្និទ និងស៊ីសង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះដល់អ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងទាន់ពេលវេលា។
៣.មន្ត្រីនាំពាក្យរបស់សាលាខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យត្រឹមកម្រិតជាកិច្ចការបន្ថែម លើភារកិច្ចស្នូល ដែលធ្វើឱ្យខ្វះលទ្ធភាព និងប្រសិទ្ធភាពក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។

ក្នុងន័យនេះ លោកបានសំណូមពរដល់លោករដ្ឋមន្ត្រី ក៏ដូចជា លោកអភិបាលរងខេត្ត មេត្តារាយការណ៍ជូនលោកស្រីអភិបាលខេត្ត ពិចារណារៀបចំគោលការណ៍ជាក់លាក់មួយ ដែលធានាបាននូវកិច្ចសហការរវាងមន្ទីរវិស័យជំនាញជុំវិញខេត្ត និងមន្ទីរព័ត៌មាន និងកំណត់យកកិច្ចការនាំពាក្យជាកិច្ចការស្នូលមួយបន្ថែមទៀត របស់រដ្ឋបាលខេត្ត ដើម្បីឱ្យការរៀបចំវេទិកាសន្ទនា មតិឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានផុលផុសឈានទៅសម្រេចបាននូវការដឹងការយល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយមន្ត្រីអាជ្ញាធររដ្ឋ រួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អផូរផង់ របស់យើង ឆ្ពោះកាន់វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព។

ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណចំពោះលោក លោកស្រី ជាសិក្ខាកាមនៃអង្គសិក្ខាសាលាទាំងមូល ដែលបានបន្តវត្តមានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ប្រកបដោយមនសិកា និងឧត្តមគតិខ្ពស់ទទួលយកចំណេះដឹង និងការចែករំលែកបទពិសោន៍ទៅវិញទៅមក តាមរយៈសិក្ខាសាលានេះ ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យទទួលបានសុខសន្តិភាពការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យដោយផ្តោតទៅលើការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈតាមរយៈវិស័យព័ត៌មាន។

ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាព និងបន្តចូលរួមខិតខំដោះស្រាយនូវបញ្ហាប្រឈម និងកង្វះខាតខាងលើ មួយវិញទៀតសូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យ សម្រាប់ឆ្លើយតប ជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត ងាយស្រួលក្នុងការទំនាក់ទំនងសាធារណៈ មួយវិញទៀតត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់រាល់ព័ត៍មានក្លែងក្លាយ ត្រូវព្យាយាមដាក់នូវព័ត៌មានពិតដល់សាធារណជន។ អ្នកនាំពាក្យ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។