ព័ត៌មានជាតិ

ពិព័រណ៍ភូមិមួយផលិតផលមួយ​ ជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើការប្រើប្រាស់ផលិតផលក្នុង​ស្រុក ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣

(សៀមរាប) ៖បងប្អូនអាជីវករលក់ផលិតផលខ្មែរមួយចំនួននៅក្នុងការតាំងពិព័រណ៍ “ភូមិមួយផលិតមួយ” ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបើកសម្ពោធកាលពីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និង លោក យុន លីនណេ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងបងប្អូនអាជីវករលក់ផលិតផលខ្មែរដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

មានប្រសាសន៍នោះដែរលោក យុន លីនណេ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង សហគ្រាសធុនមីក្រូតូច និង មធ្យម ដើម្បីឲ្យអ្នកផលិតនិងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និង ការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ។ លោកបានបញ្ជាក់ថា ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទង នឹងការជម្រុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និង កាត់បន្ថយ ចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ។

មានប្រសាសន៍ក្នុងឱកាសបើកសម្ពោធពិព័រណ៍ភូមិមួយផលិតផលមួយ ឯកឧត្តម ផល សុជាតិ បានគូសបញ្ជាក់ឲ្យដឹងផងដែរថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អ។ ជាបន្តបន្ទាប់ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយ​ឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិមួយផលិតផលមួយលើកទី១​ឆ្នាំ២០១៩-២០២៣ ។ ឯកឧត្តមក៏បាន គូសបញ្ជាក់ថា នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយ និងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន​ ១២០ផលិតផល នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន​ ៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ ផលិតផល។

ឯកឧត្តម បានបញ្ជាក់ថា ភូមិមួយ ផលិតផលមួយ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជម្រុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និង សមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ជាគោលដៅដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។