ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួលជួបក្រុមហ៊ុនចិញ្ចឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន

(ភ្នំពេញ) ៖នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមហ៊ុនចិញ្វឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានសម្តែងនូវការគាំទ្រ ចំពោះការចង់ពង្រីកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន MOMO FARM។ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។ ឯកឧត្តមរដ្ឋមន្ដ្រីផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។

ក្រសួងនឹងជួយសម្របសម្រួល ជំរុញការពង្រីកផលិតកម្មគោយកទឹកដោះនេះ ព្រោះបរិមាណគោយកទឹកដោះទូទាំងប្រទេសមានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។ ក្រុមហ៊ុនត្រូវការដីបន្ថែមប្រមាណ ១ម៉ឺនហិចតានៅមណ្ឌលគិរី សម្រាប់ដំណើរការផលិតកម្មនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។