ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា

នៅព្រឹកថ្ងៃអង្គារ ទី៣១ មករា ឆ្នាំ ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវអ៊ីអ៊ែរ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា។

ក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករ គិតត្រឹមថ្ងៃទី៣១ ខែមករា សម្រាប់ឆ្នាំ២០២៣នេះ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសម្រេចបាន នូវកិច្ចសន្យាកសិកម្មចំនួន ៦ គិតជាបរិមាណស្រូវចំនួន ៨.៥៣៣តោន លើផ្ទៃដីដាំដុះចំនួន ១.៧៨០ហត និងសមាជិកកសិករផលិតចំនួន ១៨៦នាក់។ កិច្ចសន្យានេះផ្ដោតលើពូជស្រូវអង្ករបាយរឹង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានមតិណែនាំឱ្យបន្តសហការចងក្រងនិងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្មឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សហគមន៍ឱ្យកាត់បន្ថយថ្លៃដើមផលិតស្រូវតាមរយ:ការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ផងដែរថាសហគមន៍ផលិតស្រូវក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូលពីក្រុមហ៊ុន ជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។