ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះលើចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម នៅវិទ្យាស្ថានខេមអេដ

នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅវិទ្យាស្ថានខេមអេដ។

ក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះអំពីទំនាក់ទំនងគ្នារវាងវិស័យជំនួញ និងកសិកម្ម ឬកសិពាណិជ្ជកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ជំនួញនិងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះ ខណៈវិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។ លើសពីនេះទៀត ឯកឧត្តម បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព។

ថ្លែងទៅកាន់និស្សិតជាង២០០នាក់ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងអំពីសារៈសំខាន់នៃធនធានមនុស្ស ដែលជាសេចក្ដីសង្ឃឹមនៃប្រទេសជាតិទៅថ្ងៃអនាគត។ ក្នុងន័យនេះ ឯកឧត្តមបានក្រើនរំឭកដល់និស្សិតនៃវិទ្យាស្ថានខេមអេដ ដ្បិតតែកំពុងសិក្សាមុខជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬធុរកិច្ចក៏ពិតមែន ក៏គួរបើកចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ ជាពិសេសត្រូវប្រឹងប្រែងសិក្សារៀនសូត្រ សម្រួចចំណេះដឹង ក៏ដូចជាគំនិត ព្រមទាំងឫកពាររបស់ខ្លួនឱ្យបានល្អប្រសើរ ឈានទៅទទួលបានការទុកចិត្តពីអ្នកដទៃ ដើម្បីអនាគតល្អប្រសើរក្នុងការងារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។