ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

(ភ្នំពេញ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសារតាមរយៈផេកផ្លូវការរបស់ខ្លួន ផ្ញើទៅកាន់លោក សម រង្ស៊ី ដោយដាក់ចំណងជើងថា “លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ” ។

សាររបស់ឯកឧត្តម ស សុខា នេះធ្វើឡើងបន្ទាប់ពីតុលាការប្រទេសបារាំង ច្រាលចោលការចោទប្រកាន់របស់លោក សម រង្ស៊ីនិងផ្តល់យុត្តិធម៌ ក៏ដូចជាភាពស្អសតស្អំជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖

លោក សម រង្ស៊ី បំភាន់មហាជន ខណ:តុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្ដល់យុត្តិធម៌ជូនសម្ដេចតេជោ!

ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល ។ តុលាការប្រទេសបារាំង ដែលអ្នកនយោបាយនិយមលេងល្បែងបំភាន់សាធារណៈមតិរូបនេះ ជឿជាក់ថាជាតុលាការឯករាជ្យនោះ គឺពិតជាឯករាជ្យមែន។ ទោះលោក សម រង្ស៊ី មានសញ្ជាតិជាបារាំង ត្រូវតតាំងក្ដីជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលជាជនជាតិខ្មែរក៏ដោយ ក៏តុលាការបច្ចឹមប្រទេសមួយនេះ មិនលុះដោយអគតិណាមួយនោះដែរ។ ទីបំផុតការប្រឌិតរឿងចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតឯកឧត្តម ហុក ឡងឌី ពីសំណាក់លោក សម រង្សី ត្រូវបានតុលាការបារាំង វិនិច្ឆ័យយ៉ាងច្បាស់ថា «ពុំមានមូលដ្ឋាន និងអំណះអំណាង បញ្ជាក់ច្បាស់លាស់នោះឡើយ»។

មែនទែនទៅ ប្រជាជនកម្ពុជា និងសាធារណៈមតិជាតិនិងអន្តរជាតិដ៏ច្រើនលើសលុប បានបុរេវិន្និច្ឆ័យប្រកបដោយបញ្ញារួចទៅហើយថា ល្បែងនយោបាយមួយក្ដារថ្មីទៀតនេះ នឹងបន្តបរាជ័យទៅតាមប្រពៃណីដូចដែលលោក សម រង្សី ធ្លាប់បានធ្វើ និងទទួលកន្លងៗទៅ។ អាចនិយាយបានថា ប្រជាជនខ្មែរទូទាំងនគរ និងសូម្បីតែអ្នកមានជំហរមិនគាំទ្ររាជរដ្ឋាភិបាល ហាក់ស៊ាំបាត់ទៅហើយចំពោះចរិត និងក្រឡាដើររបស់អ្នកនយោបាយខ្មែរសញ្ជាតិបារាំងរូបនេះ។

ជាការពិត លោក សម រង្ស៊ី ក៏ជាឥស្សជនធ្លាប់បានរួមចំណែកបម្រើជាតិ បម្រើប្រជាជនតាមបែបផែនប្រជាធិបតេយ្យដែរ ប៉ុន្តែក្នុងរយៈកាលប្រមាណ ២០ឆ្នាំចុងក្រោយនេះ លោកហាក់ដូចជាផុងខ្លួនបន្តិចម្ដងៗទៅក្នុងអន្លង់នៃជ្រលងនយោបាយ«យកការពិតធ្វើជាសត្រូវ»រហូតបង្កើតបានជាគម្រូអាក្រក់ម្ដងហើយម្ដងទៀតក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។

ក្នុងបេះដូងប្រជាជនកម្ពុជា ដែលធ្លាប់កម្សត់កម្រ និងដែលកំពុងទទួលផលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំឧត្តុង្គឧត្តមនៃអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសមួយរូបដែលខិតខំពុះពារជម្នះគ្រប់ឧបសគ្គដើម្បីបុព្វហេតុជាតិ និងប្រជាជន ដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ។ សម្ដេចតេជា គឺ«ទឹកដ៏ត្រជាក់ល្ហឹមនៃហ្វូងត្រីទាំងឡាយ»។ ក្នុងនាមជាមេដឹកនាំ សម្ដេចបានគិតគូរជាដរាបចំពោះសុខទុក្ខប្រជាជន និងសុខទុក្ខសហការីធ្លាប់តស៊ូរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)ស្ដារនិងអភិវឌ្ឍជាតិ។ ព្រោះហេតុដូច្នេះហើយ បានជាអ្នកនយោបាយគ្រប់និន្នការ ជាបន្តបន្ទាប់បានស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមជាយុវជនជំនាន់ក្រោយម្នាក់ ខ្ញុំពិតជាមិនចង់បញ្ចេញប្រតិកម្មណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ចាស់ទុំឡើយ។ ប៉ុន្តែខ្ញុំមិនអាចនៅស្ងៀមជាដាច់ខាត នៅពេលណាដែលថ្នាក់ដឹកនាំរបស់ខ្ញុំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ត្រូវបានគេមួរបង្កាច់ចោទប្រកាន់ខុសពីការពិតម្ដងហើយម្ដងទៀត។ ជាពិសេស បើទោះជាតុលាការប្រទេសបារាំងផ្ដល់ភាពស្អាតស្អំជូនលោកទៅហើយ តែអ្នកនយោបាយប្រឆាំង នៅតែហ៊ានបំពានសេចក្ដីសម្រេចរបស់តុលាការ បកស្រាយកេងចំណេញនយោបាយ ក្នុងស្មារតីមិនទទួលស្គាល់ការពិតថែមទៀតនោះ។

ជារួមខ្ញុំសង្កេតឃើញថា នៅក្នុងបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាល ឬទោះក្នុងក្របខណ្ឌក្រុមណាមួយក៏ដោយ ភាគច្រើនអ្នកនយោបាយចាស់ទុំ និងអ្នកជំនាន់ក្រោយដូចខ្ញុំដែរ ពួកគាត់មិនបានលុះទៅតាម ឬយកនយោបាយបំភាន់បែបលោក សម រង្ស៊ី ជាលំនាំឡើយ។ ផ្ទុយទៅវិញពួកគាត់បានរួមចំណែកទៅតាមលទ្ធភាព ទោះធនធានទ្រព្យសម្បត្តិ ឬជាទស្សនាទាន ដើម្បីរួមចំណែកកែលម្អរសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនស៊ីវិល័យ។ ខុសពីលោក សម រង្ស៊ី ដែលជារឿយៗបង្កើតរឿងអពបមង្គលដល់ជាតិ យកផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ធ្វើជាឈ្នាន់ដើម្បីមហិច្ឆតានយោបាយដែលចាកផុតពីគន្លងសីលធម៌វិជ្ជាជីវៈអ្នកប្រជាធិបតេយ្យ។

សរុបមក សម្រាប់លោក សម រង្ស៊ី ក្នុងរឿងក្ដីចុងក្រោយនេះ គឺជនរួមជាតិបានដឹងការពិតជាថ្មីទៀតហើយថា អ្វីដែលអ្នកនយោបាយរូបនេះ រួមនិងក្រុម ខិតខំប្រឌិត កុំថាឡើយតុលាការកម្ពុជាយើង សូម្បីតែតុលាការប្រទេសបារាំង ក៏បានផ្ដល់យុត្តិធម៌ជូនសម្ដេចតេជោ ហ៊ុន សែន ដែរ។ វាក៏បញ្ជាក់ដែរថា«រឿងប្រឌិតទាំងឡាយ ទោះជាអ្នកប្រឌិតនោះប្រឹងយកវាទៅបង្ហាញឱ្យគេជឿនៅទីណាក៏ដោយ ក៏វានៅតែជាការប្រឌិត» ហើយ «ការពិតតែងតែស្ថិតនៅគ្រប់ទៅកន្លែងដែលរឿងប្រឌិតបានទៅដល់»។ ពោលគឺភូតច្រើន ច្រើនចាញ់អាត្មា។ លើសពីនេះ បើនិយាយពីស្មារតីច្បាប់ រាល់ការយកសេចក្ដីសម្រេចរបស់តុលាការ មកបកស្រាយបញ្ច្រាស់សច្ចភាពនៃអង្គហេតុនិងអង្គច្បាប់ អាចជាការធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ខ្ញុំនៅតែយល់ថា ការចោទប្រកាន់របស់លោក សម រង្ស៊ី និងក្រុម ពុំមែនធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប៉ុណ្ណោះនោះទេ គឺបានធ្វើប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់យុវជន ប្រជាជន និងកម្ពុជាទាំងមូលតែម្ដង។ ក្នុងសំណុំរឿងនេះ ខ្ញុំពិតជាសូមសម្ដែងនូវកត្តញ្ញូកត្តវេទីចំពោះសម្ដេចតេជោ ដែលបានស្វែងរកយុត្តិធម៌សម្រាប់ផលប្រយោជន៍ជារួមនេះ តាមយុទ្ធសាស្ត្រ [តាមវាយដល់ផ្ទះ]។ នេះហើយដែលកាន់តែបញ្ជាក់តាំងពីដំបូងថា សម្ដេចតេជោ ស្អាតស្អំ ស្របតាមពាក្យស្លោកខ្មែរពោលថា «មាសសុទ្ធមិនខ្លាចភ្លើង» តាមរយ:សម្ដេចតេជោ សញ្ជាតិខ្មែរ ដាក់ពាក្យប្ដឹងលោក សម រង្ស៊ី សញ្ជាតិបារាំង ទៅតុលាការប្រទេសបារាំង រហូតដល់ទទួលបានយុត្តិធម៌ នាពេលនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។