ព័ត៌មានជាតិ

លោក ហ៊ាន វណ្ណហន ណែនាំសហគមន៍កសិកម្ម នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពង្រីកការកែច្នៃផលិតផលស្វាយ និងមៀន

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ បានចូលសំណេះសំណាលជាមួយប្រធាន សមាជិក សមាជិកា សហគមន៍ និង សហគ្រាសកែច្នៃផ្លែឈើស្រស់ នៅភូមិប្រឡាយហ្ហួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបពិភាក្សា លោកបានជម្រាបជូន ថ្នាក់ដឹកនាំសមាជិក សមាជិកាសហគមន៍ អំពីសក្តានុពលរបស់សហគមន៍ក្នុងការចូលរួមអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចពាយ័ព្យ (Fish and Rice Corridor)។ ក្នុងនោះដែរ ឯកឧត្ដមក៏បានផ្ដល់ព័ត៌មានសំខាន់ៗ ពីគម្រោងពិពិធកម្មកសិកម្ម CASDP ដែលក្រសួងកំពុងបានអនុវត្ដ និងនិតិវិធីលើការលើកផែនការកសិធុរកិច្ច ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

ជាលទ្ធផល លោករដ្ឋលេខាធិការបានណែនាំឱ្យសហគមន៍ គួរពង្រីកការងារកែច្នៃផលិតផល ស្វាយ មៀន ដើម្បីស្រូបយកកសិផលក្នុងតំបន់ រួមចំណែកក្នុងការដោះស្រាយបញ្ហាទីផ្សារកសិផល។ ដោយឡែក សហគមន៍បានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយគាំទ្រសហគមន៍ តាមរយៈការផ្ដល់បច្ចេកទេសការកែច្នៃផលិតផលឱ្យត្រូវតាមស្ដង់ដា ជាពិសេស គឺសូមឱ្យក្រសួងជួយផ្សព្វផ្សាយផលិតកែច្នៃរបស់សហគមន៍ទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ បន្ថែមលើទីផ្សារដែលកំពុងមានសព្វថ្ងៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។