ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ពិភពលោកត្រូវប្រុងប្រយ័ត្ន អំពីសង្គ្រាមនុយក្លេអ៊ែរ

(ភ្នំពេញ​) ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រព័ន្ធ​តេឡេ​ក្រាម​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា​ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការ ចោទប្រកាន់របស់ ICC លើលោក ប្រធានាធិបតី​ ពូទីន​នេះ គឺជាការ​វិវត្តន៍​ផ្នែក​ នយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយ មានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺ​រ៉ុប និងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាព ​ ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុន​ពេល​លោក​ប្រធានាធិបតី​ Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រប​សម្រួលដើម្បីសន្តិភាព។

ប្រទេសចិន​ ខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេល​ដែលភាគី​ម្ខាង​ទៀត​ចាប់​ខ្លួន​គាត់​​។

បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែល ពិភពលោកត្រូវ​ធ្វើ​ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួល​​ អាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់​ខ្លួនរបស់ ICC នេះ វាអាច​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​។

ខ្ញុំមិនដែលជឿថា​ សង្គ្រាម​នុយក្លេអ៊ែរ​ នឹងកើតឡើង បើទោះបីជាមានការ​គំរាម​កំហែង​​ ​ ប្រើអាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការ និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជ្រុល​​ ពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតីពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។

តើលោក ពូទីន សុខចិត្ត​ ឲ្យ​គេ​​ចាប់ខ្លួនដោយមិន​បាន​តទល់ឬយ៉ាងណា។ ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យចាប់​ប្រធានាធិបតី​​ របស់ខ្លួនឬទេ? ចំណុចនេះហើយគឺជាចំណុចដែលឥឡូវនេះ សង្គ្រាម​នុយក្លេអ៊ែរ​ ស្ទេីរតែ​ក្លាយ​ទៅ​ជា​ការ​ពិត​ ទៅ​ហើយ​។ ​ ការ​គំរាមកំហែង​ មួយទៅលើលោក ពូទីន ច្បាស់ណាស់ ជាសង្គ្រាម នុយក្លេអ៊ែរ​​ នឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបនអឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់​ICC ក៏មិន​ដឹង​ ព្រោះ​ប្រតិបត្តិការ​នុយក្លេអ៊ែរ​មិនមែន​ត្រឹម​ ២០​ -​ ៣០​ គីឡូម៉ែត្រ​នោះទេគឺច្រេីន​ រហូត​ដល់​រាប់​ពាន់​គីឡូម៉ែត្រ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។