ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិធីបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅអគារអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ FAO ដែលបានចូលរួមចំណែក និងគាំទ្រការអភិវឌ្ឍដល់ក្រសួងកសិកម្មក៏ដូចជាប្រទេសកម្ពុជា។ នាឱកាសនេះដែរ ឯកឧត្តម ក៏បានរំលឹកអំពីប្រវត្តិនៃការផ្តើមទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងកម្ពុជា និងអង្គការ FAO រហូតដល់ពេលបច្ចុប្បន្នក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយក្នុងនោះជំនួយបច្ចេកទេសបានគ្របដណ្តប់ធំធេងដូចជាផលិតភាពនិងពិពិធកម្មកសិកម្ម ធារាសាស្ត្រ សុខភាពនិងផលិតកម្មសត្វ ការគ្រប់គ្រងធនធានជលផលនិងព្រៃឈើ សន្តិសុខនិងសុវត្ថិភាពស្បៀង និងការអភិវឌ្ឍកសិ-ឧស្សាហកម្មខ្នាតតូច ព្រមទាំងសហប្រតិបត្តិការជាច្រើនទៀត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី វាគឺរឿងសំខាន់ដែលសហប្រតិបត្តិការភាពជាដៃគូនេះ មានភាពស៊ីចង្វាក់គ្នាទៅនឹងអាទិភាពថ្មីរបស់ក្រសួងកសិកម្ម ដោយក្នុងនោះឯកឧត្តមបានលើកនូវចំណុចសំខាន់ៗ ដូចជាការពង្រឹងសហប្រតិបត្តិការដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពនិងគុណភាពសម្រាប់ការប្រកួតប្រជែង ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មដើម្បីទទួលបាននូវតម្លៃបន្ថែមនិងគុណភាពសម្រាប់ការនាំចេញ លើកកម្ពស់ការប្រើប្រាស់ដី ព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងសក្តានុពល ការជំរុញកសិករខ្នាតតូចនិងអាជីវកម្មកសិកម្ម ព្រមទាំងការកសាងភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍ។ លើសពីនេះទៀត ឯកឧត្តម បានប្រកាសគាំទ្រ និងជួយស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះសំណើ FAO ក្នុងការរៀបចំ “FAO Regional Conference for Asia and the Pacific 2024” ដែលនឹងរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។