ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី​ ហៅវត្តអន្លង់រុន ស្ថិតនៅក្នុងឃុំរាយប៉ាយ​ ស្រុកកងមាស​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី​ ហៅវត្តអន្លង់រុន ស្ថិតនៅក្នុងឃុំរាយប៉ាយ​ ស្រុកកងមាស​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន​សែន​ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូលរួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។

តាមរយៈ ការតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យបានរីកចំរើនទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស។

ក្នុងឱកាសនោះផងដែរ តំណាងសម្តេចតេជោ ឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត មកដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ សមត្ថកិច្ច និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅទីនេះ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា សមិទ្ធផលថ្មីៗ នៅក្នុងវត្តនិរោធរង្សី ដែលនឹងត្រូវកាត់ខ្សែបូលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តិចទៀតនេះ គឺជាសមិទ្ធផលដែលបានមកពីការរួមគ្នា ពីសប្បុរសជន និងការខិតខំប្រឹងប្រែងគៀងគរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានិត បានយកឱកាសនោះវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះព្រះចៅអធិការវត្តគ្រប់ជំនាន់ ពោលគឺចាប់ផ្ដើមពីការកសាងវត្តអារាមនេះ ប្រើរយៈពេល ៣០ ឆ្នាំ រហូតទទួលបានសមិទ្ធផលយ៉ាងច្រើនដូចពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្របានអភិវឌ្ឍន៍ទន្ទឹមគ្នា ។ប៉ុន្តែទន្ទឹមនឹងនេះប្រសិនបើវិស័យអាណាចក្រមិនមានការអភិវឌ្ឍទេនោះ ឬក៏ ជីវភាពបងប្អូនប្រជាពលរដ្ឋ មិនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ក៏គ្មានការចូលរួមចែករំលែក ពីរសប្បុរសជន ដើម្បីអភិវឌ្ឍន៍លើវិស័យពុទ្ធចក្រនេះផងដែរ។ ប៉ុន្តែដោយសារ មានការអភិវឌ្ឍលើគ្រប់វិស័យនេះហើយ ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងបានល្អប្រសើរ ទើបមានការចែករំលែកពីសប្បុរសជន និងមានការជំរុញឲ្យសាងសង់ នូវសមិទ្ធផលថ្មីៗ តាមបណ្ដាវត្តផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកកងមាសក៏ដូចជានៅទូទាំងប្រទេសកម្ពុជាយើង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។