ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា  ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី បងប្អូនប្រជាពលរដ្ឋស្រុកស្វាយអន្ទរ សរុបជាង ៣,០០០នាក់ផងដែរ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តពោធិដ្ឋាន ក្នុងមូលដ្ឋាននៃស្រុកស្វាយអន្ទរប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ក្នុងឱកាសនេះ ឯកឧត្តមគណអធិបតី បានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជននានា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សូមសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តថ្លាវ ដ៏មានវ័យចំណាស់ប្រមាណជិត១០០ឆ្នាំមួយនេះ ដែលទាំងអស់នេះគឺកើតចេញពីប្រទេសដែលមានសុខសន្តិភាព ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្រួបបង្រួម និងកសាងជាតិមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋស្រុកស្វាយអន្ទរ នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និង​ជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។