ព័ត៌មានជាតិ

 អភិបាលខេត្តព្រះវិហារ ចូលរួមដាំកូនឈើ ដើម្បីអប អរសាទរបុណ្យរុក្ខទិវា ៩កក្តដា ឆ្នាំ២០២២

(ព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២នេះឯកឧត្តមប្រាក់ សុវណ្ណ បានចូលរួមដាំដើមឈើដើម្បីអបអរសារទររុក្ខទិវា ៩កក្តដា ឆ្នាំ២០២២ដែល
រាជរដ្ឋាភិបាលត្រូវកំណត់សួនជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតិ និង អន្តរជាតិ ដាំដើមឈើដើម្បីទុកជាអនុស្សាវរីយ៍ ។ កម្មវីធីនេះធ្វើឡើងនៅសាលាបឋមសិក្សាអូរទ្រលោកក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកមេបញ្ជាការ មេបញ្ជាការរង អភិបាលក្រុង ស្រុក និង កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋបានចូលរួមផងដែរ។

លោក ពឹង ទ្រីដា បានមានប្រសាសន៍ថា ថ្ងៃនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារក៏បានចូលរួមចំណែកចែកកូនឈើចម្រុះ សរុបចំនួន ៦៥០ដើមក្នុងនោះ៖ (កូនស្វាយចំនួន១២០ដើម កូនខ្នុរចំនួន១០០ដើម កូនទាបបារាំងចំនួន១៥០ដើម កូនអំពិលផ្អែមចំនួន១៣០ដើម កូនក្រញូងចំនួន៥០ដើម កូនធ្នង់ចំនួន៥០ដើម និងកូនឈើលឿងរាជចំនួន៥០ដើម ជូនដល់ប្រជាពលរដ្ឋឲ្យយកទៅដាំតាម លំនៅដ្ឋានផង។

លោកបានបន្តថា ចំពោះកូនឈើដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋឲ្យយកទៅដាំដុះនោះ ថ្វីត្បិតតែមិនទាន់បានទទួល ផលនៅពេលនេះក៏ពិតមែន ក៏ប៉ុន្តែនៅពេលអនាគតយើងនឹងទទួលបានផលផ្លែផ្កាជាក់ជាពុំខាន ហើយក៏បានជួយចូលរួម ចំណែកកាត់បន្តថយការខ្វះខាតជីវភាពរស់នៅរបស់បងប្អូនមួយកំរិតថែមទៀតនៅពេលអនាគត។

សម្រាប់ពិធីដាំកូនឈើដើម្បីអបអរសារទររុក្ខទិវា០៩កក្កដា២០២២នៅក្នុងពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងដាំកូនឈើប្រភេទចម្រុះសរុបចំនួន ១១៦១ដើម ក្នុងនោះ៖(កូនឈើក្រញូងចំនួន៣៨ដើម,កូនឈើធ្នង់១០១១ដើម,កូនឈើអំពិលទឹកបារាំង ៥០ដើម, កូនឈើក្ងោក ៥០ដើម និង កូនឈើលឿងរាជ ១២ដើម) លើផ្ទៃដីទំហំដី១៨៥៧ម៉ែត្រការ៉េនៅសាលាបឋមសិក្សាអូរទ្រលោកផងដែរ ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ក្រោមចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅក្នុងអាណត្តិទី៥ បានយកចិត្តទុកដាក់ក្នុងការធ្វើកំណែទំរង់លើវិស័យព្រៃឈើ ដើម្បីទប់ស្កាត់ និង ការស្ដារឡើង វិញ នូវធនធានព្រៃឈើដ៏មានតំលៃ ដោយបានដាក់ចេញនូវវិធានការជាច្រើនដូចជា បទបញ្ជាលេខ ០១, បទបញ្ជាលេខ ០២, ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ និង បញ្ញាលេខ០៥ ស .គ.ណន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ និងជំរុញការ ការពារថែទាំព្រៃឈើដែលបានដាំកន្លងមក និងការដាំដើមឈើថ្មីឡើងវិញ ។ ហើយត្រូវខិតខំអនុវត្តគោលនយោបាយ ស្ដីពីកំណែទំរង់វិស័យព្រៃឈើជាតិ ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្តម ព្រមទាំងថែរក្សាការពារ និង ដាំដុះព្រៃឈើឡើងវិញ ដើម្បីរួមចំណែកកាត់បន្ថយបំរែបំរួលអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ការដាំដុះកូនឈើនៅតែបន្ត តែត្រូវអនុវត្តជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិដែលកើតមានជាបន្តបន្ទាប់នៅក្នុងខេត្ត ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲខានតែបាន ។

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្ននេះ ខេត្តព្រះវិហារ មានសហគមន៍ព្រៃឈើ សរុបចំនួន ៤៨សហគមន៍ ស្មើនឹងផ្ទៃដី សរុបចំនួន ៧១៣៥០ ហិកតា ក្នុងនោះ មានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្មចំនួន ៣៨សហគមន៍ ស្មើនឹងផ្ទៃដី ៧១៣០៥ហិកតា និង សហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចំនួន ៤០សហគមន៍ ស្មើនឹងផ្ទៃដី ៥៣៨៣៣ហិចតា។

ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ក្នុងដែនសមត្ថកិច្ចខេត្តព្រះវិហារ លទ្ធផលបង្ក្រាបបាន ចំនួន ៦២ករណ៍ស្មើនឹង ១៣០ម៉ែត្រគុប ៦៦៥ ក្នុងនោះ៖ បញ្ជូនទៅតុលាការចំនួន៤៣ករណី និងបញ្ជូនទៅរដ្ឋបាលព្រៃឈើចំនួន១៩ករណី) ៕

ដោយ លោកស្រី ឆៅ សុខុំ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។