ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២

(ភ្នំពេញ) ៖ នៅរសៀល ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេលដែលពួកគាត់ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជនមានពិការភាពទាំងអស់ដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការភាពទាំងអស់ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។ សម្តេចតេជោបានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជាទាំងអស់ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣នេះ។សម្តេចបន្តទៀតថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ​នៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗជាច្រើនលើពិភពលោក ដូចជា CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនា នាជាច្រើនទៀតដែលបានផ្សព្វផ្សាយល្អពីកម្ពុជា។ សម្តេចតេជោ ក៏បានឱ្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៏រៀបចំឆ្លាក់ទុកនូវព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំអោយបណ្តាញសារព័ត៌មានក្នុងស្រុកទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡា​អាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល ដូចព្រឹត្តិការណ៍ស៊ីហ្គេមដែរ។សម្តេចតេជោក៏បានលើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការ អត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។
សម្តេចតេជោក៏បានផ្ដាំដល់អត្តពលិកប្រកួតក្នុងព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេមទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំ​ប្រកួតឱ្យអស់​ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ​ទៅតាមលក្ខខ័ណ្ឌនៃការប្រកួត។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ក្នុងម្នាក់ៗទទួលបាន ៥០០ ដុល្លារ ជាការលើកទឹកចិត្ត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនីទាំងអស់ អោយទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។