ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត

ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្រដល់ការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី ” ការ ជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបាននូវឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលីនាពេលអនាគត” នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយចំនួនទៀត បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត។

មានលោក Robert K.Chelliah (នាយកក្រុមហ៊ុន) បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីពិនិត្យសកម្មភាពទៅតាមផ្នែកនីមួយៗនៃផលិតកម្មដាំដុះដំណាំសរីរាង្គ។ ចំពោះផលិតកម្មដាំដុះ កសិដ្ឋានបានធ្វើការដាំដុះដំណាំសរីរាង្គលើផ្ទៃដី ២២ហត មានប្រភេទដំណាំសម្រាប់កែច្នៃផលិតជាអាហារបំប៉នសុខភាពដូចជារុក្ខជាតិម្រុំ ស្លឹកគ្រៃ ម្តេង និងខ្ញីខ្មៅ ដែលផលិតផលទាំងនេះកំពុងតែមានទីផ្សារខ្ពស់នៅក្រៅស្រុក និងមានគម្រោងបន្តពង្រីកផលិតកម្មការដាំដុះ បន្លែតាមស្តង់ដារសរីរាង្គសម្រាប់ធ្វើការនាំចេញ។ ដោយឡែកផលិតកម្មកែច្នៃ ក្រុមហ៊ុនបានរៀបចំខ្សែច្រវាក់កែច្នៃ ដែលត្រូវបានពិនិត្យវាយតម្លៃទទួលស្គាល់អនុលោមភាពតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធគុណភាព សុវត្ថិភាព អនាម័យ រួមមានទាំងស្តង់ដារសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា។ល។ កន្លងមកក្រុមហ៊ុនបានកែច្នៃជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញភាគច្រើនទៅ កាន់ទីផ្សារប្រទេសអូស្ត្រាលី ហើយថ្មីៗនេះក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ផលិតផលសរីរាង្គចំនួន ៥០តោន (តែម្រុំ តែស្លឹកគ្រៃ តែខ្ញីខ្មៅ តែម្ជូរព្រឹក) ឱ្យដល់ដៃគូក្នុងស្រុកគឺក្រុមហ៊ុន La Plantation ដែលជាក្រុមហ៊ុនមួយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការដាំដុះ និងកែច្នៃម្រេចកំពតសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកជាមួយ MAFF ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មសរីរាង្គ និងធ្វើការកែច្នៃជាអាហារបំប៉នសម្រាប់សុខភាព។ លោកបន្តទៀតថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដើម្បីប្រែក្លាយកសិដ្ឋានរបស់ខ្លួនឱ្យក្លាយជាកសិដ្ឋានគំរូមួយសម្រាប់ធ្វើជាថ្នាលបណ្តុះ បណ្តាលផលិតកម្មកសិកម្មសរីរាង្គនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តសកម្មភាពរបស់គម្រោងដែលចង់ពង្រីកផលិតភាពផលិតកម្ម និងចាប់យកដៃគូក្នុងស្រុកដើម្បីផលិត និងផ្គត់ផ្គង់ឲ្យក្រុមហ៊ុន។ កិច្ចសហ ការក្នុងផលិតកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាវានឹងពង្រីកសក្តានុពលផលិត កែច្នៃ និងប្រើ ប្រាស់ធនធានដីនៅតំបន់នេះឲ្យអស់លទ្ធភាព បង្កើតការងារ ស្រូបយកពលកម្មដែលភាគច្រើនជាក្រុមគ្រួសារអតិតយុវជន។ ម្យ៉ាងវិញទៀត ផលិតផលកសិកម្មសរីរាង្គបាននិងកំពុងពេញនិយមទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដូច្នេះការចូលរួមផលិតផលិតផលសរីរាង្គស្របតាមស្តង់ដារតម្រូវនោះវានឹងនាំមកនូវគុណប្រយោជន៍សម្រាប់សុខភាពសាធារណ: តម្លៃ និងភាតរបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្រុមហ៊ុនអនុវត្តអនុស្សរណ:ជាមួយអគ្គនាយកដ្ឋានកសិកម្មសម្រេចបានជោគជ័យ។

សូមអនុញ្ញាតជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុនបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី ” ការជំរុញផលិតកម្មដំណាំស្តង់ ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី “។ ចំពោះព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងផ្ទាល់ជាមួយលោក Robert K.Chelliah លេខ ០១៥/០១២ ៣៣ ៥២៥៩ Email: ama@austmigration.com.au។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។