ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាព UN និងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធជនដែលពលី

(ភ្នំពេញ) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធី«ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ International Day of UN Peacekeepers» ព្រមទាំងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ កម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងតំបន់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។

កម្មវិធីនេះ បានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ(អាស៊ីអូ)។

សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០៦មករហូតមកដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មក្នុងប្រទេសចំនួន៩ ហើយបន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។

ប្រទេសដែលបានចូលរួមបំពេញបេសកកម្មនោះរួមមាន៖ ប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេមែនជាដើម។ ក្នុងដំណើរបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជានោះ គឺលើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។

បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។ ដោយឡែកគិតមកដល់ឆ្នាំ២០២៣នេះដែរ កងទ័ពមួកខៀវកម្ពុជាបានពលីជីវិតចំនួន១១នាក់ ផងដែរអំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។