ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ

(តាកែវ) ៖ នៅថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។

រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃនេះ កំពុងដំណើរការអាជីវកម្ម​នៅក្នុង​ស្រុកត្រាំកក់ និងស្រុក​សំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោង​ចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៩កន្លងទៅ។សម្តេចតេជោបានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀងជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាអត់មានរោងចក្រនៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតទាំងអស់ច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតាជាមួយឪពុកម្ដាយជាក់ជាមិនខាន។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ កម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជិតខាង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបាននូវចំណូលចំណាយរបស់ខេត្តខ្លួន ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនតែម្តង។ ការណែនាំនេះ គឺបន្ទាប់ពីសម្ដេចតេជោបានសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ក្នុងខេត្ត តែអភិបាលខេត្តតាកែវមិនបានដឹងច្បាស់លាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យឧស្សាហកម្មរោងចក្រកាត់ដេររបស់ប្រទេសកម្ពុជាយើង។

សម្តេចតេជោក៏បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។សម្ដេចតេជោបានអំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន​ ៧១៤នាក់ក្នុងម្នាក់ៗ ២០០ដុល្លារ និងស្ត្រីមានកូនភ្លោះ ៤០០ដុល្លារ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។