ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុ.កគ្នានៅចំណុចដើមពោធិ៍យាយម៉ៅ នៅក្រុងប៉ោយប៉ែតបណ្តាលអោយមនុស្ស៤នាក់​របួសធ្ងន់ស្រាល.!

(បន្ទាយមានជ័យ) ៖ គ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​២គ្រឿងបុកគ្នា រួចបន្តទៅបុកគោយន្ត​ដឹក​ធុងបាល់​មួយគ្រឿង​ទៀត​ បណ្តាល​ឱ្យ​ខូចខាតរថ​យន្ត​២​គ្រឿង និង​គោយន្ត​ដឹក​ធុង​បាស់១គ្រឿង របួស៤នាក់ ធ្ងន់ម្នាក់ បង្កការ​ភ្ញាក់​ផ្អើល​កើតឡើងកាលពី​​ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដើម​ពោធិ៍​យាយ​ម៉ៅ ស្ថិតភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ ។

អ្នកឃើញហេតុការណ៍​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ មានរថយន្តម៉ាក​ព្រូស​ ពណ៌​ឈាមជ្រូក បានបើកបរក្នុងទិសដៅពីកើតមកលិច ឬ​ពីក្រុងសិរីសោភ័ណ ចូលមកក្រុងប៉ោយប៉ែត បានរ៉េចង្កូតទៅបុករថយន្តធុនត្រា ពណ៌ស យ៉ាង​ពេញទំហឹង ហើយរុលទៅបុកគោយន្ត​ដឹក​ធុងបាស់​ពេញ ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើត ឬ​ពីក្រុងប៉ោយប៉ែត​មកក្រុងសិរីសោ​ភ័ណ បណ្ដាល​ឱ្យ​មានអ្នករងគ្រោះចំនួន​៤នាក់ របួសធ្ងន់ម្នាក់ជាស្ត្រីត្រូវបានសង្គ្រោះ ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍ហើយធ្វើការពិនិត្យនិងវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរលឿនរ៉េចង្កូតទៅបុករថយន្តធុនត្រាចំពីមុខពេញទំហឹងហើយ រុលទៅបុកគោយន្តកន្ត្រៃ​ដឹក​ធុងបាស់ បណ្ដាលឱ្យ​មានអ្នករងគ្រោះរបួស៤នាក់ ស្រាល៣នាក់ និង​ធ្ងន់ម្នាក់ជាស្ត្រីប្រពន្ធអ្នកបើកបរគោយន្តដឹកធុងបាស់ និងខូចខាតរថយន្ត២គ្រឿង គោយន្ត១គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឱ្យ​ដឹងថា ក្រោយធ្វើការវាស់វែងហើយ រថយន្ត២គ្រឿងនិងគោយន្ត​១​គ្រឿង​ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវ​គោក ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។