ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ចុះពិនិត្យ និងបិទវគ្គហ្វឹកហ្វឺនជំនាញសាងសង់ស្ពានចល័តលើគោក និងស្ពានចល័តបណ្តែតទឹក របស់កងកម្លាំងមួកខៀវកម្ពុជា នៅឃុំអំពិលទឹក ស្រុកបាធាយ ខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រួមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យ និងបិទវគ្គហ្វឹកហ្វឺនជំនាញសាងសង់ស្ពានចល័តលើគោក (TMM) និងស្ពានចល័តបណ្តែតទឹក (PMP)របស់កងកម្លាំងមួកខៀវកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ដោយផ្អែកលើសមត្ថភាព បទពិសោធន៍ និងលទ្ធផលការងារកន្លងមក អ.ស.ប បានស្នើសុំជាផ្លូវការឱ្យកម្ពុជា បន្ថែមកម្លាំង និងសម្ភារៈ លើផ្នែក ជំនាញកម្ទេចគ្រឿងផ្ទុះ និងជំនាញសាងសង់ស្ពានចល័តលើគោក (TMM) និងស្ពានចល័តបណ្តែតទឹក (PMP)។

ដោយឡែក មធ្យោបាយ សម្ភារៈ ឧបករណ៍របស់កងកំទេចគ្រឿងផ្ទុះ (EOD ) ថ្មី បានដឹកចេញពីកម្ពុជារួចរាល់ហើយៗកម្លាំងនឹងចេញដំណើរនៅពេលខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងជំនាញស្ពានចល័តលើគោក (TMM) និងស្ពានចល័តបណ្តែតទឹក (PMP ) គឺកំពុងហ្វឹកហ្វឺននេះបានចាប់ផ្ដើមបើកវគ្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់ពីថ្ងៃទី០៧ ខែតុលា ហើយនឹង បញ្ចប់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន៣៨រូប អ្នកសម្របសម្រួល ទូទៅ១រូប អ្នកបកប្រែភាសាចិន១ រូប ក្រុមគ្រូចិនចំនួន៦រូប ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា បន្ទាប់ពីហ្វឹកហ្វឺនរួចមក សិក្ខាកាមទទួលបានចំណេះដឹង ចំណេះធ្វើ ជាផ្លែផ្កាដូចជា៖ របៀបបែងចែកក្រុម និងអនុវត្តភារកិច្ចតាមតួនាទីនីមួយៗក្នុងក្រុម លក្ខណៈបច្ចេកទេសរបស់រថយន្ត ពោងស្ពាន និងកាណូត ការទំលាក់និងសារឡើងវិញពោងស្ពាន ជើងនិងក្បាលស្ពាន និងកាណូត ការភ្ជាប់និងផ្តាច់ពោងស្ពានពីមួយទៅមួយ និងច្រានចូលគ្នា បច្ចេកទេសប្រើប្រាស់កាណូត ការភ្ជាប់ពោងស្ពាននឹងកាណូតធ្វើជាសាឡាង វិធីសាស្ត្រប្រើប្រាស់សាឡាង ការថែទាំនិងជួសជុលរថយន្តពោងស្ពាន និងកាណូត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។