ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងព្រះរាជពិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

(ភ្នំពេញ) :នៅរាត្រី ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះរាជពិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលព្រះរាជពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលមហោស្រព ចតុមុខមង្គល។

ក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» មានការយាង និងអញ្ជើញ ចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០ អង្គ/នាក់។

ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានផ្តួចផ្តើម និងរៀបចំដោយមូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការចូលរួមសហការពី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ព្រះរាជពិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» រៀបចំឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិឥតឈប់ឈរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។