ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយក្រុមនិស្សិតដែលកំពុងអនុវត្តគម្រោងប្រើប្រាស់បច្ចេកវិទ្យាក្នុងការចិញ្ចឹមត្រីហៅកាត់ថា “FlexFloc”

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី​១២ ខែមិថុនា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមនិស្សិតដែលកំពុងអនុវត្តគម្រោងប្រើប្រាស់បច្ចេកវិទ្យាក្នុងការចិញ្ចឹមត្រីហៅកាត់ថា “FlexFloc” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមនិស្សិត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមនិស្សិតក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសវិស័យវារីវប្បកម្ម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមនិស្សិតត្រូវសិក្សាបន្ថែមទៀតលើការងារបច្ចេកទេស ដោយមិនត្រឹមតែគិតគូរលើទឹក និងកម្រិត pH ប៉ុណ្ណោះទេ តែត្រូវសហការជាមួយជំនាញជលផល ដើម្បីយកចិត្តទុកដាក់លើបច្ចេកវិទ្យា បច្ចេកទេស ខ្សែច្រវាក់តម្លៃ ការប្រកួតប្រជែង ដើម្បីឱ្យមាននូវប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវមានគោលដៅ និងផែនការអនុវត្តច្បាស់លាស់ ព្រមទាំងមានការតាំងចិត្តខ្ពស់ នោះក្រសួងនឹងជួយគាំទ្រទាំងបច្ចេកទេស ជំនាញ ឧបករណ៍ និងថវិកាផងដែរ។

សូមជម្រាបជូនថា FlexFloc គឺជាប្រព័ន្ធគ្រប់គ្រង និងថែទាំគុណភាពទឹក តាមរយៈការត្រួតពិនិត្យលើកម្រិតអុកស៊ីសែន សីតុណ្ហភាព និង pH ក្នុងទឹកគ្រប់ពេលគ្រប់ទីកន្លែង (Internet of things -IoT) លើបច្ចេកវិទ្យា Biofloc ដែលគិតគូរដល់អតិសុខុមប្រាណ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។