ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយជ្រោយជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីតម្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្ម និងសញ្ញាល្អសម្រាប់ការវិនិយោគ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។