ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម បានរៀបចំពិធីបញ្ចុះបឋមសិលាព្រះវិហារថ្មី នៅវត្តត្នោតកែវបូព្រឹក ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

(កំពង់ចាម)លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោកឧញ៉ា លោកជំទាវ សមាជិកប្រឹក្សាស្រុក និងថ្នាក់ដឹកនាំស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី នៅវត្តត្នោតកែវបូព្រឹក ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមរបាយកាណ៌សាងសង់បានឲ្យដឹងថា ព្រះវិហារដែរសាងសង់ថ្មីនេះ ទាំងឃឿន និងព្រះវិហារ មានទំហំ ៤៦ម៉ែត្រ x ៣៤ម៉ែត្រ ទំហំព្រះវិហារមានប្រវែង ១៣.១ម៉ែត្រ x ២៥.១ម៉ែត្រ ដែលមានកំពង់ ៤០ម៉ែត្រ ដែរត្រូវចំណាយថវិកាប្រមាណ ៧០០.០០០ដុល្លារ។

ក្នុងឱកាសប្រារព្ធពិធីនេះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត មានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមកម្មវិធីនាពេលនេះ ញ៉ាំងឲ្យពិធីកាន់តែមាន ភាពមហោឡារិកអធិកអធមថែមទៀត។ ឯកឧត្តមបានបន្តទៀតថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពី ពិធីបញ្ចុះបឋមសិលានេះ នឹងក្លាយទៅទីសក្ការៈបូជា របស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធិផលមួយដ៏ធំរបស់ វត្តត្នោតកែវបូព្រឹក ផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ស្រុកស្រីសន្ធរ ក៏ដូចជាក្នុងខេត្តកំពង់ចាម មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្ថែមទៀតថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍រីកចំរើន លុះត្រាតែក្នុងប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍន៍រីកចំរើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឲ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅយើងទំាងអស់គ្នា។ ក្រោយពីសំណេះសំណាលរួចមក ឯកឧត្តមបានប្រគេនបច្ច័យជូន វត្តត្នោតកែវបូព្រឹក ចំនួន ១.០០០.០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។