ព័ត៌មានជាតិ

ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយ ស្ដីពីការរៀបចំផែនទីកំណត់តំបន់ដាំដុះដំណាំកសិកម្មឲ្យបានសមស្របសណ្ធានដី ប្រភេទដី គុណភាព និងរក្សត្របរិស្ថានរបស់ប្រភេទដំណាំនីមួយៗ

កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយស្តីអំពីការរៀបចំផែនទីកំណត់តំបន់ដាំដុះដំណាំកសិកម្មឲ្យបានសមស្របតាមសណ្ឋានដី ប្រភេទដី គុណភាពដី និងក្សេត្របរិស្ថានរបស់ប្រភេទដំណាំនីមួយៗ។ ធ្វើយ៉ាងនេះ ដើម្បីធ្វើការកំណត់ឲ្យបានសុក្រឹត្យអំពីផែនការអភិវឌ្ឍន៍ដំណាំកសិកម្មគ្រប់ប្រភេទ និងជាពិសេសកាត់បន្ថយហា នីភ័យដែលអាចកើតមានជាយថាហេតុទៅលើដំណាំ ដោយសារធនធានដីដែលគ្មានលក្ខខណ្ឌ សមស្របឲ្យរុក្ខជាតិដុះលូតលាស់បានល្អ។ ការយល់ដឹងអំពីធនធានដីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រជាកសិករ ដើម្បីរួមចំណែកក្នុងការបង្កើនផលិតភាព ស្ថិរភាពផលិតកម្មដំណាំ ការគ្រប់គ្រងដីកសិកម្ម ការកែលម្អដីកសិកម្ម និងការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព។

នៅឆ្នាំ១៩៩៧ អគ្គនាយកដ្ឋានកសិកម្មបានធ្វើការសិក្សា និងកំណត់អត្តសញ្ញាណដីដាំដុះដំណាំ ស្រូវភាគច្រើននៅទូទាំងប្រទេស ដោយសារតំបន់ខ្លះមានបញ្ហាអសន្តិសុខ និងផ្លូវគមនាគមន៍។ហេតុនេះ អគ្គនាយកដ្ឋានកសិកម្មចាំបាច់ត្រូវធ្វើការសិក្សា ធ្វើចំណាត់ថ្នាក់ និងរៀបចំផែនទីដីនៅតំបន់ដែលមានបញ្ហា និងធ្វើបច្ចុប្បន្នភាពឡើងវិញនៅតាមតំបន់មួយចំនួនដែលមានប្រព័ន្ធក្សេត្របរិស្ថានប្រែប្រួល នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី២១ ខែមករា។ ខេត្តដែលត្រូវបាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មចុះទៅធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ដី និងផែនទីដីដាំដុះដំណាំស្រូវគឺខេត្តព្រៃវែងក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ប្រព័ន្ធធ្វើចំណាត់ថ្នាក់ដីតាមបែបក្សេត្រវិទ្យរបស់កម្ពុជា។ លទ្ធផលនៃការសិក្សាស្រាវជ្រាវលម្អិតបានបង្ហាញថា ខេត្តព្រៃ វែងមានដីចំនួន ០៧ក្រុម ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

១. ក្រុមដីព្រៃខ្មែរ៖ គឺជាដីកកើតឡើងនៅលើល្បាប់ចាស់ មានលក្ខណៈជាប្រភេទដីខ្សាច់ដែលមានជម្រៅជ្រៅជាង៥០ស.ម ពិបាកគ្រប់គ្រងដោយសារមានសារធាតុសរីរាង្គទាប និងខ្សាច់ច្រើន។ ក្រុមដីប្រភេទនេះមានកម្រិតជីជាតិទាប និងជាទូទៅ ខ្វះសារធាតុអាសូត (N) ផូស្វ័រ (P) ប៉ូតា ស្យូម (K) ស្ពាន់ធ័រ (S) និងម៉ាញ៉េស្យូម (Mg) ហើយមានការពុលជាតិដែក សមត្ថភាពរក្សាទឹកទុកទាប និងកម្រិតហូរច្រោះខ្ពស់។ ក្រុមនេះមានផ្ទៃដីចំនួន ៧៩៦ហ.ត តិចជាង១% នៃផ្ទៃដីសរុបទូទាំងខេត្ត។ ដីប្រភេទនេះមានលក្ខណៈសមស្របកម្រិតទាបសម្រាប់ដំណាំស្រូវ និងស្វាយ ចន្ទី និងអាចដាំដុះដំណាំដូចជាសណ្តែកបាយ ឆៃថាវ ឪឡឹក និងអំពៅ។ ដោយសារគុណវិបត្តិរបស់វា ចាំបាច់ត្រូវប្រើសារធាតុសរីរាង្គឱ្យបានញឹកញាប់ដូចជាជីស្រស់ (ស្នោរ) ជីកំប៉ុស្តិ៍លាមកសត្វ ភ្ជួរលុបចំបើង ឬគល់ជញ្ជ្រាំងទៅក្នុងដី ចំពោះជីអាសូត ត្រូវបាចដោយកប់លុបទៅក្នុងដី។

២. ក្រុមដីប្រទះឡាង៖ គឺជាដីកកើតឡើងនៅលើល្បាប់ចាស់ដែលមានដីខ្សាច់នៅស្រទាប់លើមានកម្រាស់តិចជាង ៤០ស.ម ហើយដីស្រទាប់ក្រោមមានលក្ខណៈជាល្បាយ ឬឥដ្ឋ។ ប្រភេទដីនេះមានកម្រិតជីជាតិទាប និងជាទូទៅ ខ្វះសារធាតុអាសូត (N) ផូស្វរ័ (P) ប៉ូតាស្យូម (K) ស្ពាន់ធ័រ (S) ម៉ាញ៉េស្យូម (Mg) និងប័រ (B) ហើយងាយក្តាំងស្រទាប់លើ ដីរាក់មានគ្រួសរវៀន មានការពុលជាតិដែក សមត្ថភាពរក្សាទឹកទុកទាប និងកម្រិតហូរច្រោះខ្ពស់។ ដីប្រភេទនេះមានចំនួន ១៥៥ ៤៥៣ ហ.ត ស្មើនឹង ៣១% នៃផ្ទៃដីសរុបទូទាំងខេត្ត និងមានលក្ខណៈសមស្របសម្រាប់ដំណាំស្រូវ។ ដីនេះក៏អាចដាំដុះដំណាំសណ្តែកបាយ ឆៃថាវ ឪឡឹក អំពៅ និងស្វាយចន្ទី។ ដើម្បីលើកកម្ពស់គុណភាពដី ចាំបាច់ត្រូវប្រើសារធាតុសរីរាង្គឱ្យបានញឹកញាប់ដូចជា ជីស្រស់ (ស្នោរ) ជីកំប៉ុស្តិ៍លាមកសត្វ ភ្ជួរលុបចំបើង ឬគល់ជញ្ជ្រាំងទៅក្នុងដី ចំពោះជីអាសូត ត្រូវបាចដោយកប់លុបទៅក្នុងដី។

៣. ក្រុមដីក្រគរ៖ គឺជាដីកកើតឡើងលើវាលទំនាបល្បាប់ថ្មីលិចទឹកសកម្មដែលមានលក្ខណៈជាដីល្បាយឥដ្ឋ ឬឥដ្ឋ មានពណ៌ប្រផេះទៅត្នោត និងបែកក្រហែងពីតូចទៅមធ្យម តែមិនជ្រៅជាង ៥ ស.ម នៅពេលដីស្ងួត។ ដីស្រទាប់លើជាប្រភេទដីល្បាយ ឬដីឥដ្ឋ ហើយកន្លែងខ្លះឆ្លើយតបតែនឹងការដាក់ជីអាសូត (N) និងផូស្វរ័ (P)។ នៅកន្លែងខ្លះ ដីនេះអាចមានបញ្ហាអាស៊ីតស៊ុលផាត និងមានភាពហើមនៅពេលសើម។ ដីប្រភេទនេះមានចំនួន ៦៣ ១៦៦ ហ.ត ស្មើនឹង ១៣% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ ហើយបើមានប្រភពទឹកអាចដាំដុះដំណាំរួមផ្សំក្នុងរដូវប្រាំងបាន។

៤. ក្រុមដីបាកាន៖ ដីនេះកកើតឡើងនៅលើវាលទំនាបល្បាប់ចាស់ដែលមានដីស្រទាប់លើជាល្បាយ ឬជាដីឥដ្ឋ ហើយមិនបែកក្រហែងទេ។ វាមានពណ៌ប្រផេះ ឬត្នោត។ ដីនេះមានកម្រិតជីជាតិពីទាបទៅមធ្យម ហើយជាទូទៅវាខ្វះសារធាតុអាសូត (N) ផូស្វរ័ (P) និងប៉ូតាស្យូម (K) ហើយមានការពុលជាតិដែក និងស្ពាន់ធ័រ (S)។ ក្រុមដីបាកានមានរចនាសម្ព័ន្ធខ្សោយ មានលក្ខណៈសសុះ និងផ្ទៃខាងលើងាយហាប់ណែន។ ក្រុមនេះមានចំនួនប្រមាណ ២៣០ ១៩១ហ.ត ស្មើនឹង ៤៧% នៃផ្ទៃដីសរុប វាអំណោយផលសម្រាប់ដំណាំស្រូវ បន្លែ និងដំណាំឈើហូបផ្លែ។

៥. ក្រុមដីគោកត្រប់៖ គឺជាដីដែលមានវាយនភាពដីល្បាយ ឬឥដ្ឋ មានពណ៌ប្រផេះក្រម៉ៅ ឬត្នោតក្រម៉ៅទៅខ្មៅ និងបែកក្រហែងពីតូចទៅមធ្យម រាក់ឬជ្រៅជាង ៤ ស.ម នៅពេលដីស្ងួត។ ក្រុមនេះបានកកើតឡើងនៅលើវាលល្បាប់ជំនន់ចាស់ដែលមានទំនាក់ទនងនឹងជំនោរទឹកសមុទ្រ មានសក្តានុពលពីមធ្យមទៅខ្ពស់ និងងាយស្រួលក្នុងការគ្រប់គ្រង។ ជាទូទៅ ក្រុមនេ មានកម្រិតផូស្វ័រ (P) ទាបខ្លាំង ខ្វះសារធាតុអាសូត (N) និងប៉ូតាស្យូម (K) មានភាពអាស៊ីតខ្លាំង ព្រមទាំងមានការពុលជាតិដែក។ ដីប្រភេទនេះមានចំនួន ៤០៥ ហ.ត គឺតិចជាង ១% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ និងអំពៅ។

៦. ក្រុមដីកៀនស្វាយ៖ គឺជាដីមានជម្រៅជ្រៅក្នុងតំបន់លិចទឹកក្បែរទន្លេ មានលក្ខណៈជាដីល្បាយ ឬជាដីឥដ្ឋ មានពណ៌ត្នោតភ្លឺទៅត្នោតដិត ហើយប្រេះក្រហែងធំៗនៅពេលស្ងួត។ ដីប្រភេទនេះកកើតនៅលើច្រាំងទន្លេ និងលើទំនាបជម្រាលពីច្រាំងទន្លេ។ ជាទូទៅ វាខ្វះសារធាតុអាសូត (N) និងផូស្វរ័ (P)។ ដីប្រភេទនេះមានចំនួនប្រមាណជា ៣៧ ៥១០ហ.ត ស្មើនឹង ៨% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំស្រូវ និងសាកវប្បកម្ម និងមានសក្តានុពលខ្ពស់សម្រាប់ដំណាំរួមផ្សំក្នុងរដូវប្រាំង។

៧. ក្រុមដីកំពង់សៀម៖ ដីមានកំណើតពីកំណកនៃការពុកផុយរបស់ថ្មបាសាល់ ឬថ្មកំបោរ ហើយគេតែងតែសង្កេតឃើញមានវត្តមានដុំគ្រួស ថ្មបាសាល់ ឬថ្មកំបោរនៅទាំងក្នុងស្រទាប់លើ និងស្រទាប់ក្រោមនៃដីប្រភេទនេះ។ ដីនេះមានវាយនភាពជាដីឥដ្ឋដែលមានពណ៌ខ្មៅ ឬប្រផេះក្រម៉ៅ ហើយនៅពេលស្ងួតវាមានសភាពរឹងខ្លាំង និងបង្កើតបានជាក្រហែងធំៗ ជ្រៅៗនៅពីលើដីឥដ្ឋស្រទាប់ក្រោម។ ដីប្រភេទនេះមានជីជាតិល្អ ក៏ប៉ុន្តែជាទូទៅ វាខ្វះសារធាតុអាសូត (N) ផូស្វ័រ (P) និងស័ង្គសី (Zn) មានការពុលជាតិដែក និងភាពស្អិតខ្លាំងនៅពេលសើម។ ដីប្រភេទនេះមានចំនួនប្រមាណជា ១ ១០៤ ហ.ត គឺតិចជាង ១% នៃផ្ទៃដីសរុប និងមានភាពសមស្របសម្រាប់ដំណាំ ស្រូវ ហើយប្រសិនបើមានប្រភពទឹកអាចដាំដំណាំរួមផ្សំក្នុងរដូវប្រាំងបាន។

សូមជម្រាបជូនថា ខេត្តព្រៃវែងគ្របដណ្តប់ដោយវាលស្រែដ៏ធំល្វឹងល្វើយដែលជាតំបន់ទំនាបដំណាំស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងមានដីដាំដំណាំរួមផ្សំ សាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្មផងដែរ។ ក្នុងឆ្នាំ២០២០ តាមរយៈរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថាខេត្តព្រៃវែងមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ៣៣៧ ០០០ហ.ត ព្រមទាំងមានផ្ទៃដីដំាដំណាំរួមផ្សំសរុបចំនួន ១២ ០០០ហ.ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។