ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម អញ្ជើញចុះទស្សនកិច្ចក្រុមហ៊ុនដំណាំកសិឧស្សាហកម្មនៅខេត្តព្រះវិហារ

(ព្រះវិហារ) ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង៨ពាន់ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបុគ្គលិក-កម្មករ ដោយបានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងkarចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។

ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ដោយផ្អែកលើទស្សនទាននេះ ក្រសួង និងភាគីពាក់ព័ន្ធកំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់​។

ក្រោយបញ្ចប់សុន្ទរកថាសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទៅពិនិត្យការសាងសង់ឃ្លាំងស្តុក និងម៉ាស៊ីនកែច្នៃផលពោតដែលប្រមូលបាន និងស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដាំដុះ ប្រព័ន្ធស្រោចស្រពទឹក ការប្រើប្រាស់គ្រឿងចក្រដើរដោយប្រព័ន្ធបច្ចេកវិជ្ជាស្វ័យប្រវត្តិដូចជា ត្រាក់ទ័រ យន្តហោះដ្រូន ដើម្បីប្រតិបត្តិការស្រោចស្រពទឹក ដាក់ជី បាញ់ថ្នាំការពារសត្វល្អិតចង្រៃ ព្យាបាលជំងឺដំណាំ និងប្រមូលផលដោយការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិ ព្រមទាំងមធ្យោបាយដាំដុះដំណាំដែលអាចរក្សាគុណភាពដីប្រកបដោយនិរន្តរភាពផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបានសម្ដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះការដាំសណ្តែកសៀង។ សណ្ដែកសៀងដែលកំពុងមានទីផ្សារខ្ពស់ និងអាចជួយបង្កើនគុណភាពដីសម្រាប់ការដាំដំណាំផ្សេងទៀត ដូចជាពោតជាដើម។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមេហ្គាហ្វាមខេមបូឌៀ កំពុងវិនិយោគលើដំណាំពោត សណ្តែកសៀង និងដំឡូងមី ដើម្បីកែច្នៃមុននឹងធ្វើការនាំចេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។