ព័ត៌មានជាតិ

ថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុគីមីផ្សំជាង ១២០គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងរឹបអូសដោយឃាត់ខ្លួន ស្ត្រីជនជាតិចិនម្នាក់!

(ភ្នំពេញ) ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ជាមួយថ្នាំញៀនជាង២៣គីឡូក្រាម និងសារធាតុគីមីផ្សំជាង១២០គីឡូក្រាម។

ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, ឧត្តសេនីយ៍ត្រី យឹម សែនឧត្ដម្ភ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ, វរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាលយ័ ដោយមានការសម្របសម្រួលពីលោក អុំ សុភ័ក្រ ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណី កែឆ្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះអ៊ូ ហរ័ ជិន(WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន ១៣២.៣៣ក្រាម, កេតាមីន ៩៨៤.២៩ក្រាម, ថ្នាំប្រភេទ MDMA ២២៥៧០.៥ក្រាម ដែលសរុបទាំងអស់សាធាតុញៀនទម្ងន់ ២៣ ៦៧៦.៦៧ក្រាម (២៣គីឡូក្រាម ៦៨៦.៦៧ក្រាម) និងសារធាតុមិនច្បាស់ទម្ងន់ ១២២គីឡូក្រាម ៩៣៤ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗមិនតិចជាង១០ករណីទេ។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។