ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូនមន្រ្តីនគរបាលខេត្តព្រៃវែង

(ព្រៃវែង) នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូនមន្រ្តីនគរបាលខេត្តព្រៃវែង ចំនួន៣០៦នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមចូលរួមអបអរសាទរ ចំពោះកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលត្រូវ បានទទួលការលើកទឹកចិត្តតែងតាំងមុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ នាពេលនេះ។

សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីនគរបាលខេត្តព្រៃវែងគ្រប់ថ្នាក់ ចំពោះការខិតខំបំពេញការងារនាពេលកន្លងមក ដែលបានអនុវត្តយ៉ាងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក៍ដូចជាការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស ការបន្តថែរក្សា ពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ និងដេីម្បីរដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមគោរពជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ព្រមទាំងប្រតិភូអមដំណេីរ និងមន្ត្រីនគរបាលខេត្តព្រៃវែងនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។